ព័ត៌មានជាតិ

វិភាគ ៖ អាមេរិក ដកឋានៈ ពិសេសផ្នែកពាណិជ្ជកម្ម ចេញពីទីក្រុងហុងកុង តែចិនសន្យាសងសឹកវិញ អោយសមស្រប

បច្ចុប្បន្នភាព

ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើក្រឹត្យមួយ កាលពីថ្ងៃពុធ ទី១៥ ខែកក្កដានេះ ក្នុងការដកឋានៈពិសេស ផ្នែកពាណិជ្ជកម្ម ចេញពីទីក្រុងហុងកុង ដោយចាត់ទុកទីក្រុងនេះ ជាទឹកដីរបស់ប្រទេសចិនធម្មតា ។

ការចេញក្រឹត្យដកឋានៈពិសេស ផ្នែកពាណិជ្ជកម្មចេញពីទីក្រុងហុងកុងនេះ ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតី របស់ប្រទសចិន បានដាក់ច្បាប់សន្តិសុខជាតិ អោយចូលធរមាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សម្រាប់ទីក្រុងហុងកុងអនុវត្ត ។

សហរដ្ឋអាមេរិកបានចាត់ទុកថា ច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង គឺជាអាវុធរបស់ប្រទេសចិន សម្រាប់បំផ្លិចបំផ្លាញស្វ័យភាព នៅក្នុងទីក្រុងនេះ ដែលស្ថិត នៅក្រោមច្បាប់សន្តិសុខជាតិនេះ ប្រជាពលរដ្ឋហុងកុង មិនមានសេរីភាព និងប្រជាធិបតេយ្យដូចមុនទេ ។

ឋានៈពិសេសផ្នែកពាណិជ្ជកម្ម របស់ទីក្រុងហុងកុង ដែលសហរដ្ឋអាមេរិក បានផ្តល់អោយ គឺការនាំចេញទំនិញគ្រប់ប្រភេទ ចេញពីទីក្រុងនេះ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មិនត្រូវបង់ពន្ធនាំចូលទេ ទោះបីជាអាមេរិកបានដំឡើង ពន្ធនាំចូលពីប្រទេសចិនក៏ដោយ ។

ចាប់ពីពេលនេះតទៅ អាមេរិកនឹងរាប់រកហុងកុង ដូចជារាប់ចិនដែរ ដែលគ្មានទេអភ័យឯកសិទ្ធិពិសេស គ្មានទេទំនាក់ទំនង សេដ្ឋកិច្ចពិសេស និងគ្មានទេការនាំចូល បច្ចេកវិទ្យារសើបៗ ពីសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងហុងកុងដូចកាលពីមុន ។

ក្នុងអំឡុងពេលចុះហត្ថលេខា ដកឋានៈពិសេសចេញពីហុងកុង លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងហុងកុងលែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពិភពលោកទៀតហើយ ពីព្រោះទីក្រុងនេះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលចិន ដូចទីក្រុងផ្សេងទៀតដែរ ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានទាញហេតុផលថា ជម្លោះរវាងចិន និងអាមេរិកនេះ មិនបានផ្តល់ផលប្រយោជន៍អោយទីក្រុងហុងកុងទេ ហើយអាមេរិកក៏ខាតប្រយោជន៍ច្រើនជាងចិនដែរ ដោយសារការនាំចេញទំនិញ គ្រប់ប្រភេទពី ហុងកុង ទៅអាមេរិកមានតម្លៃទឹកប្រាក់ តែជាង៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ តែអាមេរិក បាននាំចូលទំនិញ តម្លៃជាង៣០ពាន់លានដុល្លារ អាមេរិកចូលទីក្រុងហុងកុង ។

ជាការសងសឹក នឹងទណ្ឌកម្មអាមេរិក ប្រទេសចិន អាចនឹងដាក់ទណ្ឌកម្មតប ទៅអាមេរិកវិញ ដោយការដំឡើងពន្ធនាំចូលពីអាមេរិក ទៅកាន់ក្រុងហុងកុង នៅពេលខាងមុខ ហើយក្រុមហ៊ុនអាមេរិកប្រមាណជាង១៣០០ក្រុមហ៊ុននៅទីក្រុងនេះ អាចនឹងទទួលរងផលប៉ះពាល់ ពីការដំឡើងពន្ធនាំចូល របស់ប្រទេសចិន ។

អ្នកជំនាញដដែលបានបន្តថា ការដកឋានៈពិសេស ពីទីក្រុងហុងកុង និងការដាក់ទណ្ឌកម្ម លើប្រទេសចិន មិនមែនជាដំណោះស្រាយ ជួយដល់ទីក្រុងនេះទេ តែផ្ទុយទៅវិញ អាមេរិកកំពុងបោះបង់ចោលទីក្រុងហុងកុង និងរុញច្រានអោយទីក្រុងនេះ ធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ប្រទេសចិន កាន់តែណែនថែមទៀត ។

មិនបានប៉ុន្មានម៉ោងផង ក្រោយពីលោក ត្រាំ បានចុះហត្ថលេខាលើក្រឹត្យបញ្ចប់ឋានៈពិសេសផ្នែកពាណិជ្ជកម្មពីទីក្រុងហុងកុង អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ចិននឹងសឹកអាមេរិកវិញ អោយបានសមស្របបំផុត ។

ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះសហរដ្ឋអាមេរិក ដែលបានចេញក្រឹត្យបញ្ចប់ឋានៈពិសេសផ្នែកពាណិជ្ជកម្មពីទីក្រុងហុងកុង ហើយចិននឹងការពារផលប្រយោជន៍ និងបូរណភាពជាតិរបស់ខ្លួន ។

សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា ចិននឹងដាក់ទណ្ឌកម្មលើឥស្សរជន និងក្រុមហ៊ុនអាមេរិកវិញ ប៉ុន្តែចិននៅមិនទាន់បានរាយឈ្មោះបុគ្គល និងក្រុមហ៊ុនអាមេរិកឱ្យដឹងនៅឡើយទេ ប៉ុន្តែចិននឹងវាយបកទៅលើ អាមេរិកវិញនៅពេលខាងមុខ ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង គឺដោយសារអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច មានគោលដៅអូសទាញទីក្រុងហុងកុង និងដែនដីផ្សេងទៀត របស់ប្រទេសចិន ដូចជាកោះតៃវ៉ាន់ ទីក្រុងម៉ាកាវជាដើម អោយក្លាយទៅជាដែនដី មានលទ្ធិប្រជាធិបតេយ្យ មានសេរីភាព និងអាចងាកទៅប្រឆាំង ជាមួយប្រទេសចិនពេញទំហឹង នៅពេលខាងមុខ ។

គោលដៅយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច គឺធ្វើយ៉ាងណាអោយចិន មានអស្ថិរភាពសន្តិសុខ ហើយបើចិនបែកបាក់ បើចិនមានជម្លោះផ្ទៃក្នុង ឬបើចិនមានសង្គ្រាម ជាមួយទីក្រុងហុងកុង កោះតៃវ៉ាន់ ឬទីក្រុងម៉ាកាវ គឺចិននឹងទន់ខ្សោយ នៅពេលខាងមុខ និងមិនអាចប្រជែង ជាមួយអាមេរិក និងសម្ព័ន្ធមិត្តបានទេ ។
សួមបញ្ជាក់ជូនថា ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ ឬ ក្រោយឆ្នាំ១៩៤៥កន្លងមក សហរដ្ឋអាមេរិក និងសម្ព័ន្ធ បានវាយប្រហារផ្តួលរំលំ រដ្ឋាភិបាលរបស់ប្រទេស ច្រើនណាស់ នៅលើពិភពលោក ដោយចោទប្រកាន់ដដែលៗ ពីបទរំលោភសិទ្ធិមនុស្ស និងបំបិទសេរីភាព ប៉ុន្តែយុទ្ធសាស្ត្របែបនេះ លែងមានប្រសិទ្ធភាពហើយនៅពេលបច្ចុប្បន្ន ។

សន្និដ្ឋាន៖ ហេតុអ្វីចិនខឹងអាមេរិក ដែលដកឋានៈពិសេសពីហុងកុង?

មូលហេតុដែលចិនខឹងអាមេរិក គឺដោយសារការដកឋានៈពិសេសផ្នែកពាណិជ្ជកម្មនេះ គឺជាកាយវិកាមើលងាយចិន ពីព្រោះហុងកុងជាទឹកដីរបស់ប្រទេសចិន ហើយការដាក់ច្បាប់សន្តិសុខជាតិពីចិនអោយទីក្រុងអនុវត្ត គឺជារឿងរបស់ចិន មិនមែនរឿងអាមេរិកទេ ។

ចំពោះអំណះអំណាងរបស់សហរដ្ឋអាមេរិកវិញ គឺអាមេរិកបានផ្តល់ឋានៈពិសេសផ្នែកពាណិជ្ជកម្មអោយទីក្រុងហុងកុង ដោយសារទីក្រុងនេះជាតំបន់ពាក់កណ្តាលស្វយ័ត ដែលមានសិទ្ធិសម្រេចកិច្ចការដោយខ្លួនឯងបានមួយចំនួនដែរ ។

ផលប៉ះពាល់

ផលប៉ះពាល់នៅពេលខាងមុខ គឺភាពតានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនឹងកើនឡើងកាន់តែខ្លាំងថែមទៀត ខណៈដែលភាពតានតឹងចាស់ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្ម បញ្ហានៅសមុទ្រចិនខាងត្បូង និងបញ្ហាផ្សេងទៀតមិនទាន់ដោះស្រាយបានផង ។

ទីក្រុងហុងកុង ក៏មានផលប៉ះពាល់ដែរ ដោយសារតែទីក្រុងនេះ នឹងស្ថិតនៅក្រោមគម្នាប នៃច្បាប់សន្តិសុខជាតិរបស់ចិន កាន់តែធ្ងន់ធ្ងរ ហើយសហរដ្ឋអាមេរិក បានបោះបង់ទីក្រុងនេះចោលទៀត ដែលធ្វើអោយហុងកុងឯកោកាន់តែខ្លាំង ៕
ដោយ ៖ អ៊ី ជិន

To Top