បរទេស៖ ឧប្បត្តិហេតុនេះបានកើតឡើងត្រឹមតែ ៤០ នាទី បន្ទាប់ពីថ្ងៃផុតកំណត់នៃការបណ្តេញចេញដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយលើកឡើងពីតម្រូវការ ដើម្បី“ ការពារកម្មសិទ្ធិបញ្ញាអាមេរិក” ពីប្រទេសចិន ដែលសេតវិមានចោទប្រកាន់ចិន ពីបទចារកម្ម។
យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីអាមេរិកបានចូលកាន់កាប់ស្ថានកុងស៊ុលចិន នៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស់ បន្ទាប់ពីបុគ្គលិកត្រូវបានបណ្តេញចេញ។
យោងតាមកាសែតបានអោយដឹងថា ក្រុមមន្រ្តីមួយក្រុមរួមទាំងបុរសម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា កំពុងធ្វើការនៅក្រសួងការបរទេសអាមេរិក បានគាស់ទ្វារតូចរបស់ស្ថានកុងស៊ុលដែលបានបើក បន្ទាប់ពីពួកគេមិនអាចចូលបានតាមច្រកទាំងបីផ្សេងទៀត។ របាយការណ៍នោះបានបន្ថែមទៀតថា មានបុរសសន្តិសុខជាច្រើននាក់ទៀតពាក់អាវដែលមានស្លាក“ ក្រសួងការបរទេស”។
កាលពីថ្ងៃពុធក្រសួងការបរទេសអាមេរិក បានបញ្ជាក់ប្រាប់សារព័ត៌មាន Sputnik ថា ខ្លួនបានបញ្ជាឱ្យចិន បិទស្ថានកុងស៊ុលរបស់ខ្លួននៅហ៊ូស្តុនក្នុងរយៈពេលពីរថ្ងៃ ជុំវិញការចោទប្រកាន់ថា ចិនបានចូលរួមក្នុងការធ្វើចារកម្មខុសច្បាប់និងមានឥទ្ធិពលលើប្រតិបត្តិការនៅសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ ប្រទេសចិនបានបដិសេធការចោទប្រកាន់នេះហើយបានរិះគន់សហរដ្ឋអាមេរិកវិញចំពោះការរំលោភច្បាប់អន្តរជាតិផ្សេងៗ។ ប្រទេសចិនក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបាននិងកំពុងញុះញង់ឱ្យមានការស្អប់ខ្ពើមចំពោះជនជាតិចិនដែលបណ្តាលឱ្យមានការគំរាមកំហែងជាច្រើនដល់ស្ថានទូតរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួលៈ ណៃ តុលា