ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ថា មានអ្នកស្លាប់ថ្មីចំនួន៧៥៧នាក់ ដោយសារជំងឺកូវីដ១៩ ក្រៅពីមានអ្នកឆ្លងថ្មីចំនួន៤៨.៩១៦នាក់ ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះនៅទូទាំងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើង៣១.៣៥៨នាក់ និងសរុបអ្នកឆ្លងជំងឺរហូតដល់១.៣៣៦.៨៦១នាក់ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងខាងលើបានបញ្ជាក់ថា “គិតត្រឹមម៉ោង៨និង០០នាទី (ម៉ោងក្នុងស្រុក) នៅថ្ងៃសៅរ៍ មានអ្នកស្លាប់ចំនួន៣១.៣៥៨នាក់ដោយសារជំងឺកូវីដ១៩ដែលបានកត់ត្រានៅក្នុងប្រទេស” ។
កាលពីព្រឹកថ្ងៃសុក្រ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេស មានចំនួន១.២៨៧.៩៤៥នាក់ និងមានអ្នកស្លាប់ចំនួន៣០.៦០១នាក់ ។
មន្ត្រីរបស់ក្រសួងបានបញ្ជាក់ថា ពលរដ្ឋប្រមាណ៨៤៩.៤៣២នាក់ បានចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានធូរស្បើយពីជំងឺ ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា “ចំនួនអ្នកជំងឺធ្ងន់ធ្ងរនៅក្នុងប្រទេសនាពេលឥឡូវនេះ មានចំនួន៤៥៦.០៧១នាក់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា