Covid-19

សម្ដេច ទៀ បាញ់ បន្តអំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ខណៈពិភពលោកនៅតែបន្ត កើនឡើងនូវជំងឺកូវីដ១៩

ភ្នំពេញ៖ ស្របពេលដែលពិភពលោក នៅតែបន្តកើនឡើង នូវជំងឺកូវីដ១៩ នៅឡើយនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើនរំលឹកក៏ដូចជាអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺនេះ និងត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធាននានា ដែលក្រសួងសុខាភិបាលបានណែនាំ ដើម្បីបង្ការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា
ការគំរាមកំហែងពីមេរោគកូវីដ-១៩ គឺនៅតែមានកម្រិតខ្ពស់នៅឡើយ ដោយអត្រាចម្លងមាន ចំនួនកើនឡើងជាង ១៦.៦លាននាក់ និងអត្រាមរណភាពមានចំនួន ជាង៦៥ម៉ឺននាក់ នៅជុំវិញពិភពលោក។

សម្ដេចបន្តថា “ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃ ជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ” ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន២២៦នាក់ (ស្រ្តី៤៦ បុរស១៨០) ក្នុងនោះព្យាបាលជា សះស្បើយកើនដល់១៤៧នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាល នៅសល់ចំនួន ៧៧នាក់ ៕

ដោយ៖ ធី លីថូ

To Top