នយោបាយ

ទូតអាមេរិក៖កម្ពុជាអាចដើរលើមាគ៌ា លទ្ធិប្រជាធិបតេយ្យសេរីពហុ គណបក្សជាថ្មី ក្រោយបន្ធូរបន្ថយលក្ខខណ្ឌ លោក កឹម សុខា

ភ្នំពេញ៖ ក្រោយបញ្ចប់ជំនួបជាមួយ លោក កឹម សុខា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ម៊លភី ទ្រី បានចេញសេចក្តីថ្លែងការណ៍ គាំទ្រចំពោះលក្ខខណ្ឌបន្ធូរបន្ថយនីតិវិធីរបស់ តុលាការមកលើលោក កឹម សុខា។

ក្នុងនោះលោកសប្បាយចិត្តចំពោះ កម្ពុជា ដោយបានលើក ឡើងថា “ដូច្នេះជាថ្មីម្តងទៀតប្រទេសកម្ពុជាអាចដើរ លើមាគ៌ាទៅកាន់ លទ្ធិប្រជាធិបតេយ្យសេរីពហុគណបក្ស”។

សេចក្តីថ្លែងការណ៍ ជាភាសាអង់គ្លេសជាងមួយ ទំព័ររបស់ទូតអាមេរិកបានឲ្យដឹងថា ពិតជារីករាយដែលបានឃើញលោកកឹម សុខាម្តងទៀត ក្រោយបានជួបគ្នាកាល ពីប៉ុន្មានឆ្នាំមុន។ លោកយល់ថាគាត់ជាមនុស្សដែល សន្តិភាព ចិត្តល្អ និង ជាអ្នកដឹកនាំ ដែលមានបទពិសោធន៍ខ្ពស់។

ជាមួយគ្នានេះលោកសោកស្តាយដែលសេរីភាពរបស់គាត់ ត្រូវបានបដិសេធក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកទូតថា ការផ្លាស់ប្តូរដែលបានធ្វើឡើងដោយ អាជ្ញាធរកាលពីម្សិលមិញគឺជាជំហានទៅមុខហើយបានទទួលស្គាល់ ។ ទោះយ៉ាងណា លោកគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមើលឃើញបន្ថែមទៀត។

លោកបញ្ជាក់ថា “ដំបូន្មានរបស់យើង ក្នុងនាមជាមិត្តម្នាក់នៃ ព្រះរាជាណាចក្រកម្ពុជា គឺអាជ្ញាធររកមធ្យោបាយដើម្បីស្តារសេរីភាព របស់លោកកឹម សុខាឡើងវិញ។ ទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងគាត់។ ប៉ុន្តែក៏ត្រូវប្រើពេលវេលានិង ទីកន្លែងដ៏សំខាន់នេះដើម្បីធ្វើដូចគ្នាចំពោះមនុស្សជាច្រើនទៀតដែលមានសេរីភាព ហើយដែលសេរីភាពរបស់ពួកគេត្រូវបានបដិសេធ”។

លោកថា “យើងអំពាវនាវឲ្យពួកគេត្រូវបាន ដោះលែង ដែលពួកគេត្រូវបានអនុញ្ញាត មិនថានៅក្នុងប្រទេសឬក្រៅប្រទេស ចូលរួមដើម្បីឲ្យសំឡេងរបស់ពួកគេត្រូវបានលឺ។ ពួកគេខ្លះជាសមាជិកគណបក្សនយោបាយ។ ពួកគេខ្លះមកពីសង្គមស៊ីវិល។ ពួកគេខ្លះជាអ្នកសារព័ត៌មានដូចជាអ្នកកាសែតវិទ្យុអាស៊ីសេរីទាំងពីររូប”។

លោកបង្ហាញថា “យើងជឿជាក់ថាវាពិតជាមានប្រយោជន៍ ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា សម្រាប់អភិបាលកិច្ច សម្រាប់សេដ្ឋកិច្ច។ សំឡេងទាំងអស់អាចត្រូវបានលឺ និងចូលរួមដើម្បីធ្វើឱ្យយើងកាន់តែមានប្រជាធិបតេយ្យកាន់តែខ្លាំង និងមើលឃើញនូវការសន្ទនាគ្នាពេញលេញ និងការផ្សះផ្សារទូលំទូលាយ។ ដូច្នេះជាថ្មីម្តងទៀតប្រទេសកម្ពុជាអាចដើរលើមាគ៌ាទៅកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុគណបក្ស”។

លោកទូតថា វានឹងល្អសម្រាប់ប្រទេសកម្ពុជា។ វាល្អសម្រាប់ទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាង និងជាមួយ សហរដ្ឋអាមេរិក៕

To Top