Covid-19

កូរ៉េខាងជើង ប្រាប់ជនបរទេស ឲ្យគោរពវិធានការ ប្រឆាំងមេរោគកូរ៉ូណា

បរទេស៖ ក្រោយប្រកាសថា ប្រទេសកូរ៉េខាងជើង កំពុងតែស៊ើបអង្កេត លើករណី អាចមានមេរោគកូរ៉ូណាដំបូង ក្នុងប្រទេសនោះ អាជ្ញាធរបានរំឭកដល់ជនបរទេស ដែលកំពុងតែរស់នៅក្នុងទីក្រុងព្យុងយ៉ាង ឲ្យគោរពតាមវិធានការ ប្រឆាំងមេរោគកូរ៉ូណា នេះបើយោងតាមសម្តីស្ថានទូតរុស្ស៊ី នៅទីនោះនិយាយប្រាប់នៅថ្ងៃពុធនេះ។

ក្នុងសារបង្ហោះ លើគេហទំព័របណ្ដាញសង្គមហ្វែសប៊ុក ស្ថានទូតរុស្ស៊ីបាននិយាយថា ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើង បានផ្តល់សេចក្តីជូនដំណឹងមួយ កាលពីថ្ងៃអង្គារ ប្រាប់ជនបរទេស មិនឲ្យចាកចេញពីទីក្រុង មិនឲ្យធ្វើកិច្ចប្រជុំធំនានា និងឲ្យពាក់ម៉ាស់ ដែលជាវិធានការការពារមួយ ស្ថិតក្នុងចំណោមវិធានការផ្សេងៗទៀត។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានប្រកាសភាពអាសន្ន និងណែនាំឲ្យមានវិធានការ កាន់តែតឹងរឹងខ្លាំងឡើង ប្រឆាំងនឹងមេរោគកូរ៉ូណា បន្ទាប់ពីបានដាក់បម្រាមគោរចលើទីក្រុង Kaesong ដែលស្ថិតនៅតាមព្រំដែន ជាប់ប្រទេសកូរ៉េខាងត្បូង ដើម្បីដោះស្រាយនូវអ្វី ដែលអាចជាការឆ្លងមេរោគថ្មី ដែលប្រកាសជាសាធារណៈដំបូងបំផុត ក្នុងប្រទេស៕ ប្រែសម្រួល៖ប៉ាងកុង

To Top