Covid-19

កូវីដ១៩! ពលករខ្មែរ វិលត្រឡប់មកកម្ពុជាវិញ អាចប្រឈមនឹងភាពងាយរងគ្រោះ ដោយសារខ្វះកិច្ចគាំពារសង្គម

ភ្នំពេញ ៖ លោកស្រី គ្រស្ទីន ផាកូ ប្រធានបេសកកម្ម អង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល ពេញសកលលោកនោះ បណ្ដាលឲ្យពលករខ្មែរ វិលត្រឡប់មកកម្ពុជាវិញ អាចកាន់តែប្រឈម នឹងភាពងាយរងគ្រោះជាងមុន ដោយសារកង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាន នៅមានកម្រិតព្រមទាំងហានិភ័យ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកើនឡើង។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី គ្រស្ទីន ផាកូ បានឲ្យដឹងថា ស្ថានភាពវិបត្តិជំងឺកូវីដ-១៩ មានផលប៉ះពាល់ ដោយមិនស្មើភាពគ្នា ទៅដល់ប្រជាជន ដែលសង្ឃឹមនឹងទទួលបានជីវិត កាន់តែប្រសើឡើង ហើយធ្វើការឆ្លងព្រំដែន ដើម្បីទាញក្រុមគ្រួសាររបស់ពួកគេ ឲ្យចាកចេញពីភាពក្រីក្រ ដោយបង្ហាញឲ្យឃើញ ពីភាពងាយរងគ្រោះរបស់ពលករ នៅក្នុងអំឡុងពេលលំបាកនេះ។

លោកស្រីមានប្រសាសន៍ថា « នៅប្រទេសកម្ពុជា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានធ្វើឲ្យពលករទេសន្ដរប្រវេសន៍ ជាង១០០.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមីនា ឆ្នាំ២០២០។ នៅពេលត្រឡប់ ទៅកាន់សហគមន៍របស់ពួកគេវិញ ពលករដែលបានវិលត្រឡប់ទាំងនោះ អាចកាន់តែប្រឈម នឹងភាពងាយរងគ្រោះជាងមុន ដោយសារតែ កង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំងហានិភ័យ នៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចកើនឡើង»។

លោកស្រីបន្ថែមថា ដោយសាររដ្ឋាភិបាល ជុំវិញពិភពលោក បានណែនាំការរឹតត្បិតការធ្វើដំណើរ ត្រូវបានអនុម័ត ដើម្បីធ្វើឲ្យមានភាពថយចុះ នៃការចម្លងជំងឺកូវីដ-១៩ ធ្វើឲ្យជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការបំលាស់ទី និងទេសន្ដរប្រវេសន៍។ នៅពេល ដែលប្រទេសជិតខាងប្រទេសកម្ពុជា ចាប់ផ្ដើមបើកព្រំដែនឡើងវិញ ពេលនោះយើងឃើញការកើនឡើង នៃទេសន្ដរប្រវេសន៍ ជាពិសេស ទៅកាន់ប្រទេសថៃ។ តើយើងអាចជួយគាំទ្រ ដល់ពលករទេសន្ដប្រវេសន៍ទាំងនោះ ដោយរបៀបណា ដើម្បីធានាថា ដំណើរទេសន្ដប្រវេសន៍របស់ពួកគេ គឺស្របច្បាប់ និងស្របតាមតម្រូវការ ដើម្បីកាត់បន្ថយ ភាពងាយរងគ្រោះរបស់ពលករ៕ ដោយ ៖ អេង ប៊ូឆេង

To Top