ព័ត៌មានជាតិ

គណៈកម្មាធិការ ចម្រុះកិច្ចការព្រំដែន ៖ លោក រ៉ុង ឈុន ផ្សាយព័ត៌មានក្លែងក្លាយ មានចេតនាទុច្ចរិត បំភ័ន្តមតិជាតិ-អន្តរជាតិ

ភ្នំពេញ ៖ គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល ទាំងស្រុងនូវសេចក្តីថ្លែង ការណ៍របស់លោកឈ្រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដែលបានផ្សាយព័ត៌មានមិនពិត និងបំផ្លើសអំពីបញ្ហាព្រំដែន ជាមួយប្រទេសក្បែរខាង ក្នុងគោលបំណងឲ្យមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ចោទថា «ការ បោះ បង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មាន ភាព មិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផល ទៅខាងភាគីយួនជាច្រើនហិកតា ហើយបើគិតពីបន្ទាប់ព្រំដែន ចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល ៥០០ម៉ែត្រក្នុងដីកម្ពុជា… ។ ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗចូលមកក្នុងទឹកដីកម្ពុជា ប្រមាណ ៣គីឡូម៉ែត្របច្ចុប្បន្ននេះ “។

លោករ៉ុង ឈុនបន្តថា “អាជ្ញាធរយួនបានមកចូលរួមបណ្តេញ និងរុញច្រានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង២០០ម៉ែត្រ ក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរ មិនបានទប់ស្កាត់ចំពោះទង្វើអាជ្ញាធរ យួនធ្វើមកលើពលរដ្ឋរងគ្រោះ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ»។

ចំពោះករណីនេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បដិសេធចោលទាំងស្រុង។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបន្តថា ការផ្សាយបែបនេះ របស់លោក រ៉ុង ឈុន និងគូកននៃក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា មានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការ ចោទប្រកាន់ ដោយគ្មានមូលដ្ឋានមកលើការងារព្រំ ដែនរបស់រាជរដ្ឋាភិបាល អំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាបណ្តោយឲ្យមាន ការរំលោភបំពានពីប្រទេសជិតខាង ធ្វើឲ្យពលរដ្ឋបាត់បង់ដីស្រែចំការ នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

To Top