បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways (THAI) បានរៀបចំជើងហោះហើរចំនួនពីរទៅកាន់ទីក្រុងតៃប៉ិ នៅកោះតៃវ៉ាន់ និងជើងហោះហើរចំនួនពីរទៅកាន់ទីក្រុង Copenhagen ក្នុងប្រទេសដាណឺម៉ាក ក្នុងខែសីហានេះ ដោយផ្តោតលើជនជាតិបរទេសដែលជាប់គាំងដោយរោគរាតត្បាត កូវីដ១៩ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នា២០២០ បានឱ្យដឹងថា ប្រធានស្តីទីរបស់ THAI លោក Chansin Treenuchagron បាននិយាយកាលពីថ្ងៃសៅរ៍ថា ជើងហោះហើរទៅកាន់កោះតៃវ៉ាន់លេខកូដ TG632 នឹងហោះហើរនៅថ្ងៃទី ៥ និង ១៤ ខែសីហា ដោយចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ នៅម៉ោង ៨ និង ២៥ នាទី ព្រឹក និងទៅដល់តៃប៉ិ នៅម៉ោង ១.០៥ ល្ងាច។
លោក Chansin បាននិយាយថា ជើងហោះហើរទៅកាន់ប្រទេសដាណឺម៉ាកលេខកូដ TG 950 នឹងហោះហើរនៅថ្ងៃទី ១៦ និង ៣០ ខែសីហា ដោយចេញដំណើរពីព្រលានយន្តហោះ សុវណ្ណភូមិនៅម៉ោង ៦ និង ៥០ នាទីព្រឹក និងទៅដល់ទីក្រុង Copenhagen នៅវេលាម៉ោង ១.០៥ ល្ងាច។
លោកបន្តថាជើងហោះហើរទាំងនេះនឹងដំណើរការក្រោមការរឹតបន្តឹងសុវត្ថិភាពសុខភាពសាធារណៈ និងពង្រឹងបទប្បញ្ញត្តិគម្លាតសង្គម។
ប្រធានស្តីទី THAI រូបនេះបន្ថែមថា មានតែសំបុត្រមួយផ្លូវ (One Way) អាចត្រូវបានកក់ហើយមានកន្លែងអង្គុយមានកំណត់។ លោកបាននិយាយថា ការហោះហើរត្រឡប់មកក្រុងតៃប៉ិនិង Copenhagen កំពុងត្រូវបានរៀបចំឡើងដោយសហការជាមួយក្រសួងការបរទេស៕
ប្រែសម្រួលៈ ណៃ តុលា