Covid-19

Update: វៀតណាម មានអ្នកជំងឺកូវីដ១៩ ស្លាប់ កើនឡើងដល់ ៦នាក់

បរទេស៖ អ្នកជំងឺកូវីដ១៩ អាយុ ៥៣ ឆ្នាំនៅទីក្រុង ដាណាង បានស្លាប់ដោយសារជំងឺនេះ កាលពីយប់ថ្ងៃអាទិត្យ ដែលធ្វើឱ្យនាងក្លាយជាអ្នកស្លាប់ទី ៦ នៃជំងឺរាតត្បាតនេះ នៅប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីរូបនោះជាអ្នកជំងឺកូវីដទី ៤២៩ មានជំងឺជំងឺទឹកនោមផ្អែម ជំងឺបេះដូងរ៉ាំរ៉ៃ និងខ្សោយតំរងនោម អស់រយៈពេល ៥ ឆ្នាំកន្លះ។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ង្វៀន ទ្រុងសឺន បាននិយាយថា នាងត្រូវបានព្យាបាល នៅមន្ទីរពេទ្យដាណាងពីថ្ងៃទី ១៩ ខែកក្កដាដល់ថ្ងៃទី ៣០ ខែកក្កដា និងផ្តល់ការលាងឈាម ៣ ដងក្នុងមួយសប្តាហ៍។

នាងបានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសកូវីដ១៩ នៅថ្ងៃទី ២៧ ខែកក្កដា នៅម៉ោងប្រហែល ១២ និង ៣០ នាទី។ កាលពីថ្ងៃសៅរ៍ នាងពិបាកក្នុងការដកដង្ហើម ។ នាងត្រូវបានប្រកាសថា ស្លាប់នៅម៉ោងប្រហែល ៤ និង ៣០ នាទី នៅថ្ងៃដដែលនោះ មូលហេតុនៃការស្លាប់ រួមមានការខ្សោយបេះដូងស្រួចស្រាវ ការគាំងបេះដូង ខ្សោយតំរងនោមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និង ជំងឺកូវីដ១៩ ។

សូមជម្រាបថា ប្រទេសវៀតណាម មានអ្នកជំងឺកូវីដ១៩ ចំនួន ៣ នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ ដែលពួកគេទាំងអស់ មានស្ថានភាពធ្ងន់ធ្ងរមួយចំនួន៕ ប្រែសម្រួលៈ ណៃ តុលា

To Top