ស្វាយរៀង៖ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរៀបរយ យុទ្ធវិធីថ្មើរជើងបច្ចេកទេស អប់រំចិត្តសាស្រ្ត និងក្បាច់គុនទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានថ្លែងប្រាប់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវតែការពារឲ្យបានដាច់ខាតនូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត និងរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩ នៃរលកទី២ ដោយផ្តើមចេញពីការ ធ្វើអនាម័យជាប្រចាំ។
លោកបានថ្លែងនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខក្តីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅតំបន់សឹករងស្វាយរៀងផងដែរ ។
លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតំបន់ ប្រតិបត្តិការសឹករងស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលកន្លងមក បានចូលរួមចំណែកយ៉ាង សកម្មក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបប្រទះនូវ គ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗ និងក្នុងការងារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបានល្អប្រសើរ ជាពិសេសនៅក្នុងដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩។
លោកបានថ្លែងបញ្ជាក់ថា ចំពោះវគ្គហ្វឹកហ្វឺន ដែលរៀបចំនៅថ្ងៃនេះ ជាលើកទី៣ហើយដែលកាលពីលើកទី១ គឺបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប ក្បាច់គុន អប់រំចិត្តសាស្ត្រ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ វគ្គហ្វឹកហ្វឺនជំនាញការពារព្រំដែន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងលើកទី៣ ធ្វើឡើងនៅថ្ងៃនេះ។
លោកបានថ្លែងផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ នូវកិច្ចការសំខាន់ៗមួយចំនួនទៀត ដូចខាងក្រោម ៖
១.ត្រូវតែការពារឲ្យបាន ដាច់ខាតនូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត ។
២.ត្រូវរក្សាការស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់ តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី ។ លើមូលដ្ឋាននេះ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្ត និងធ្វើឲ្យបានសម្រេចជោគជ័យ នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដែលប្រគល់ជូន ។
៣.ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ទាំងនៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រខេត្ត និងក្របខ័ណ្ឌទូទាំងប្រទេស ។
៤.ត្រូវរក្សាការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ។
៥.ក្រៅពីវគ្គហ្វឹកហ្វឺននេះ ពលទាហានយើងទាំងអស់ ក៏ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗ ឲ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតី ទទួលខុសត្រូវក្នុងការ គ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ ។
៦.ត្រូវយកចិត្តទុកដាក់គ្រប់គ្រង កម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្ដែង ក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាព យោធិនឲ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ ព្រមទាំងត្រូវខិតខំកសាងជំរុំ ជម្រកស្នាក់នៅឲ្យបានសមរម្យ និងធានាសុវត្ថិភាពបានល្អ ។ និងសូមឲ្យកងកម្លាំងរបស់យើង បន្តយកចិត្តទុកដាក់ថែរក្សាអនាម័យ រស់នៅស្អាត ហូបស្អាត លាងសម្អាតដៃ និងពាក់ម៉ាស់ឲ្យបានជាប្រចាំ ដើម្បីការពារកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសវគ្គហ្វឹកហ្វឺនរបស់ យើងត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ស្របតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល (វាស់កម្ដៅ ពាក់ម៉ាស់ មានជែល ឬទឹកអាល់កុលសម្រាប់លាងដៃ និងរក្សាគម្លាតសង្គម) ។
៧.ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជា-ពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនង បង្កើនការជឿជាក់ ការស្រឡាញ់រាបអានពីប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមាន គ្រោះមហន្តរាយនានាជាយថាហេតុ។
ជាមួយនិងការបើកវគ្គហ្វឹកហ្វឺននេះ លោកអភិបាលខេត្តបាននាំមកនូវសម្ភារ និងថវិកាឧបត្ថម្ភមួយចំនួន ក្នុងនោះ៖ឧបត្ថម្ភដល់សិក្ខាកាម ១០០នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល ឧបត្ថម្ភគ្រូឧទ្ទេស ៨នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល ឧបត្ថម្ភវគ្គហ្វឹកហ្វឺន នូវអង្ករ ចំនួន ៥០០គ.ក្រ ទឹកស៊ីអ៊ីវ ចំនួន ២០យួរ សាប៊ូប្រូធិច ចំនួន ១០៨ដុំ ក្រមា ចំនួន ១០៨ក្រមា ម៉ាស់ ចំនួន ៣០០ម៉ាស់ និងផ្ដល់ជូនតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ថវិកាចំនួន ១.២០០.០០០រៀល ៕