នយោបាយ

លិខិតមិត្តអ្នកអាន ៖ «ហេតុអ្វីសហគមន៍អឺរ៉ុប សម្រេចបញ្ចប់ ការគាំទ្រកូនជឹង ជំនាន់ទី១ របស់ខ្លួននៅកម្ពុជា?»

សហភាពអឺរ៉ុប តាមរយៈ សេចក្តីសម្រេច របស់ខ្លួនចុងក្រោយនេះ ពិតជាបានបង្ហាញថា ពួកគេបានសម្រេចបោះបង់ចោល និងបញ្ចប់ការគាំទ្រកូនជឹង ជំនាន់ ទី១ របស់ខ្លួននៅកម្ពុជាហើយ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា «ការដាក់ទណ្ឌកម្ម ចំពោះកម្ពុជា មានតំលៃស្មើ នឹងសម្លាប់បក្សប្រឆាំង»។
តើនរណាជាកូនជឹងជំនាន់ទី១ របស់ពួកបស្ចិមប្រទេសនៅកម្ពុជា? គឺគ្មាននរណាក្រៅពីក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះឡើយ ។
រយៈពេលជិត៣០ឆ្នាំ នៃការវិនិយោគ និងជួយជ្រោមជ្រែង និងលើកតម្កើងក្រោមលេស «សិទ្ធិមនុស្ស និងប្រជាធិប្បតេយ្យ» ដើម្បីប្រើប្រាស់ និងសាកល្បងសមត្ថភាព របស់ក្រុមប្រឆាំងនៅកម្ពុជា ពួកបស្ចិមប្រទេស ក្នុងនោះសហភាពអឺរ៉ុបគឺជាភាគីដ៏សំខាន់មួយបានចុះទុនច្រើនណាស់ ដើម្បីគាំទ្រកូនជឹងរបស់ខ្លួននៅកម្ពុជា ទាំងស្មារតី ទាំងនយោបាយ, បច្ចេកទេស សម្ភារៈ និងថវិកា ក្នុងក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងអាចផ្តួលរំលំរដ្ឋាភិបាលភ្នំពេញ រឺប្តូរមេដឹកនាំរដ្ឋាភិបាល ដែលមានលោក ហ៊ុន សែនជានាយករដ្ឋមន្ត្រីបាន។ ពួកគេបានប្រើគ្រប់មធ្យោបាយទាំងត្រជាក់ និងក្តៅ ទាំងចំហរនិងសម្ងាត់ ទាំងស្ថាប័នសហភាពអឺរ៉ុបផ្ទាល់និងទាំងការប្រើប្រាស់អង្គការអន្តរជាតិ និងតំបន់មួយចំនួន ដើម្បីបង្វឹកផង ជំរុញផង និងធ្វើជាអ្នកកាងពីក្រោយខ្នងផង ដើម្បីឲ្យក្រុមប្រឆាំងទាំងនោះអាចធ្វើភ្លៀង ផ្គរ និងព្យុះឥតឈប់ឈរមកលើរដ្ឋាភិបាល ទីក្រុងភ្នំពេញ។

ប៉ុន្តែ បន្ទាប់ពីចំណាយកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានអស់យ៉ាង សន្ធឹកសន្ធាប់ និងប្រើពេលអស់ជិត៣ទសវត្សរ៍ តាំងពីកូនជឹងរបស់ខ្លួន នៅក្មេងពេញកម្លាំង រហូតក្លាយជាមនុស្សចាស់ ឈឺសក់ស្កូវ វ័យជាង ៧០ឆ្នាំ ទៅហើយនោះ លទ្ធផលដែលរំពឹងទុកនឹង មានរដ្ឋាភិបាលអាយ៉ង របស់ខ្លួននៅកម្ពុជា នៅតែងងឹតសូន្យសុងដដែល។ ផ្ទុយទៅវិញ រដ្ឋអំណាចលោក ហ៊ុន សែន ក៏កាន់តែរឹងមាំនិងកាន់តែមានប្រជាប្រិយភាព កាន់តែខ្លាំងលើសពេលណាៗទាំងអស់ ជាពិសេសក្នុងយុគ្គសម័យកូវិដ~១៩ ដែលរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រជាពលរដ្ឋដ៏ច្រើនលើសលុប រាប់បញ្ចូលទាំងអ្នកប្រឆាំងផង ក៏បានស្ងើចសរសើរផងដែរ។
ចំណែកឯក្រុមប្រឆាំង ជាកូនអុករបស់ខ្លួនឯងវិញ បែរជារលំរលាយ បែកបាក់ បក្សពួកនិយម គ្រួសារនិយម ព្រាត់ប្រាស់ខ្ចាត់ខ្ចាយ រត់ទៅជ្រកកោនគ្រប់ច្រកល្ហក បង្កជាអម្រែកដ៏ធ្ងន់ធ្ងរ ដល់ចៅហ្វាយនាយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៅទៀតនោះ គឺក្បាលម៉ាស៊ីនដឹកនាំនៃក្រុមនេះ បាននិងកំពុងប្រឈមមុខនឹងបណ្តឹង រាប់មិនអស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលសុទ្ធសឹង តែជាបទល្មើសដែលពួកបស្ចិមប្រទេស យល់ច្បាស់ណាស់ថា ទោះជានៅក្នុងប្រទេស របស់ពួកគេក៏ច្បាប់ មិនអាចអនុគ្រោះអោយបានឡើយ។

ស្ថិតក្នុងស្ថានភាពបែកបាក់ផ្ទៃក្នុងផង បាក់កម្លាំងផង បាក់ទឹកចិត្តផង និងក្នុងវ័យកាន់តែចាស់ជរា បែបនេះផង ចៅហ្វាយនាយពិតជាអស់សង្ឃឹមខ្លាំងណាស់ ដោយឃើញកូនជឹងជំនាន់ទី១ របស់ខ្លួនជាប្រភេទកូនដែលចិញ្ចឹមបំបង់បាយ និងគ្មានបានការ យ៉ាងដូច្នេះ ។
តាមពិត ស្ថានភាពនេះគឺមិនខុសពីការវាយតំលៃកន្លងមក របស់លោក ហ៊ុន សែន ដោយប្រៀបធៀបទៅនឹង«សត្វឆ្កែ២ ក្បាលដណ្តើមបាយគ្នាក្នុងចានតែ១» ពោលគឺ «បក្សប្រឆាំងរស់មិនខ្លាំង ខ្សោយមិនងាប់ រឺខ្សោយមុនងាប់» ។

ស្ថានភាពដ៏ដុនដាបនិងកែមិនឡើងបែបនេះ ទោះជាបន្តគាំទ្រតទៅទៀត ក៏នឹងមិនទទួល បានផលអ្វីដែរ ក្រៅតែពីនាំឲ្យខាតបង់ពេលវេលា និងខាតធនធានឥតប្រយោជន៍។ ហេតុដូច្នេះហើយបានជាសហភាពអឺរ៉ុប សម្រេចចិត្តបោះបង់កូនជឹងជំនាន់ទី១ របស់ខ្លួនតែត្រឹមថ្ងៃទី១២សីហាឆ្នាំ ២០២០នេះជាស្ថាពរ ហើយបែរទៅផ្តើម បណ្តុះកូនជឹងជំនាន់ថ្មីវិញ ម្តងទៅតាមទ្រឹស្តី របស់លោកខាងលិច ដែលគេធ្លាប់បានអនុវត្តន៍តាំង ពីសតវត្សរ៍ទី ២០មក ពោលគឺ «បើកសាងដើម្បីអភិវឌ្ឍន៍មិនបាន មានតែកម្ទេចចោល ហើយកសាងថ្មីដើម្បីអភិវឌ្ឍន៍» ។

តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យសហភាពអឺរ៉ុប ឈប់គាំទ្រកូនជឹងជំនាន់ទី១របស់ខ្លួន?

ទី១៖ ភាពអសមត្ថភាពនិងភាពមានះ រឹងរូសរបស់បក្សប្រឆាំង គួបផ្សុំនឹងការបរាជ័យជាបន្តបន្ទាប់ ក្នុងការប្រមូលកម្លាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាល ទាំងតាមរយៈការបោះឆ្នោតក្តី និងទាំងមធ្យោបាយផ្តួលរំលំ ក្រៅប្រព័ន្ធបោះឆ្នោតក្តី ។ ភាពអំនួត ការប្រជែងគ្នាក្នុងក្រុមនិងក្នុងបក្ស ដើម្បីដណ្តើមនិងការពារផលប្រយោជន៍រៀងៗខ្លួន ការប្រជែងមុខមាត់គ្នាឯង ។ល។ ពិតជាបានធ្វើឲ្យក្រុមប្រឆាំងជំនាន់ទី១ នេះមិនអាចប្រមូលកំលាំងសរុបបាន ហើយនៅទីបំផុត ពួកគេមុជក៏មិនជ្រៅទៅក៏មិនឆ្ងាយដែរ។

ទី២៖ ទោះបីជារងសម្ពាធពីចៅហ្វាយនាយឲ្យរួបរួមគ្នាជាបក្សតែមួយក៏ដោយ ក៏ភាគី សម រង្ស៊ី និង កឹម សុខា នៅតែបន្តបែងចែកបក្សពួកធ្វើឲ្យផ្ទៃក្នុងបែកបាក់មិនអាចចូលគ្នាបាន ដែលជាសញ្ញាបញ្ជាក់ច្បាស់ថា ពួកគេ«រួបរួមចាប់ដៃគ្នាមែន ប៉ុន្តែ បេះដូងមិនចូលធ្លុងគ្នាឡើយ» ឬនិយាយតាមបែបម្យ៉ាងទៀតគឺ«ធ្វើនយោបាយចាប់ដៃ ជាន់ជើងគ្នា»។

ទី៣៖ ក្រោយពេលបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលតាមអំណាចផ្លូវច្បាប់ សម រង្ស៊ី មិនបានបង្ហាញសមត្ថភាពបង្រួបបង្រួមដើម្បីការពារនយោបាយរបស់ខ្លួនទេ តែបែរជាឆ្លៀតឱកាសកសាងកម្លាំងផ្ទាល់ខ្លួន ក្បត់កឹមសុខា ដែលធ្វើឲ្យអ្នកគាំទ្រគណបក្សដែលរលាយទៅ ហើយនោះបែកបាក់កាន់តែធ្ងន់ធ្ងរឡើងៗថែមទៀត។

ទី៤៖ ទាំងមុននិងក្រោយការចាប់ខ្លួន កឹម សុខា និងក្រោយការរំលាយ បក្សសង្គ្រោះជាតិ សម រង្ស៊ី បានជ្រើសរើសយកយុទ្ធសាស្ត្រដ៏ខុសឆ្គងបំផុត ដោយរត់យករួចខ្លួន ទៅសម្ងំរស់នៅបរទេស ហើយពឹងផ្អែកទាំងស្រុងលើបស្ចិមប្រទេស ។ ទង្វើនេះប្រៀបដូចជាការបកស្បែកមុខចៅហ្វាយនាយ របស់ខ្លួនឲ្យគេបានឃើញ កាន់តែច្បាស់ក្រឡែតថា បក្សប្រឆាំងនេះជាកូនជឹង កូនអុក របស់បរទេស ។

ទី៥៖ ដើម្បីរក្សាលំនឹងភូមិសាស្ត្រ នយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាចបន្តរក្សាប្រយោជន៍ ក្នុងភាពជាដៃគូ ជាមួយអាស៊ានបាន សហភាពអឺរ៉ុប គ្មានជម្រើសអ្វីក្រៅតែពីការបោះបង់ចោល កូនជឹងជំនាន់ទី១របស់ខ្លួន ហើយងាកមកបន្តធ្វើការជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។
ការបន្តផ្តល់ជំនួយផ្សេងៗ ក៍ដូចជាការសម្រេចចិត្ត កាត់បន្ថយ EBA ត្រឹម ២០% ក៏ជាផ្នែកមួយដ៏ សំខាន់នៃនយោបាយ របស់សហភាពអឺរ៉ុប ក្នុងការបង្ហាញពីទឹកចិត្ត បន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងក៏ជាសញ្ញា នៃការបោះបង់ចោលកូនជឹងជំនាន់ ទី១របស់ខ្លួនដែរ ពីព្រោះលោក ហ៊ុន សែនបានប្រកាស យ៉ាងម៉ឺងម៉ាត់ថា «ការផ្តាច់EBA គឺជាការបញ្ចប់ជីវិតរបស់ក្រុមប្រឆាំង ដែលជាកូនអុករបស់ពួកបស្ចិមប្រទេស» ។

ដូច្នេះ ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប កាត់ត្រឹម២០% គឺជាការ «សម្លាប់ដោយឈាមត្រជាក់» ចំពោះជីវិតនយោបាយ របស់សម រង្ស៊ី និងគូកន។
ជាភស្តុតាងជាក់ស្តែង រយៈពេលចុងក្រោយនេះ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិក គ្មាននរណាលើកបញ្ហា សម រង្ស៊ី មកនិយាយជាមួយរដ្ឋាភិបាលកម្ពុជាទៀតឡើយ សូម្បីតែសួរមួយ ម៉ាត់ក៏គ្មានដែរ ។ ហើយបើនិយាយឲ្យចំ សម រង្ស៊ីគឺជាសន្លឹកបៀរដែលត្រូវបានគេធីបចោលទាំងស្រុង ខណៈដែល កឹម សុខា គឺជាសន្លឹកបៀរតូចមួយ ដែលគេកាន់ទុកប្រើជាសង្គ្រាមចិត្តសាស្ត្រ ដើម្បីបង្ហាញអោយក្រុមប្រឆាំង ជំនាន់ថ្មីជឿជាក់ថា «អោយតែបំរើគេ គឺគេនៅតែជួយការពារ និងគាំទ្រ» តែប៉ុណ្ណោះ។

ស្របពេលដែលកូនជឹងជំនាន់ ទី១ត្រូវបានបោះបង់ចោល កូនជឹងជំនាន់ទី២ ក៏ត្រូវបានគេផ្តើមបណ្តុះឡើងដែរ ។ តើនរណាជាកូនជឹងជំនាន់ទី២ របស់ពួកបស្ចិមប្រទេស? ខ្ញុំសុំទុកមិនទាន់ទំលាយថា អ្នកណាខ្លះជាក្រុមប្រឆាំងជំនាន់ទី២ ដែលជាកូនអុកថ្មីដែលកំពុងទទួលការ បណ្តុះបណ្តាល និងប្រើប្រាស់ដោយបស្ចិមប្រទេសនោះទេ ។ ប៉ុន្តែអ្វីដែលខ្ញុំគួរតែរំលឹក និងទាញអារម្មណ៍ក្រុមប្រឆាំងថ្មីនេះគឺថា វាសនារបស់ពួកគេក៏អាចនឹងមិនខុសគ្នាឡើយ ពីវាសនារបស់ក្រុមប្រឆាំងជំនាន់ទី១ នោះដែរពីព្រោះ :
ទីមួយ : «ការធ្វើនយោបាយ តាមរយៈការឃុបឃិត និងបម្រើមហិច្ឆតាបរទេស ដើម្បីបំផ្លិចបំផ្លាញជាតិឯង គឺជានយោបាយគ្មានកំណើត ដែលក្រុមប្រឆាំងជំនាន់ទី១ ធ្លាប់ទទួលការបរាជ័យ ដ៏ជូរចត់បំផុតព្រោះគោលការណ៍ អធិប្បតេយ្យជាតិមិនអាចសម្របសម្រួលបាននោះឡើយ» ។

ទីពីរ:«ធ្វើជាអ្នកប្រឆាំង ជាមួយបក្សកាន់អំណាច ដឹកនាំដោយលោកហ៊ុន សែន គឺដាច់ខាតមិនអាចប្រើប្រាស់ ឥទ្ធិពលបរទេស មកគំរាមកំហែង ដាក់លក្ខខណ្ឌ ឬដាក់សម្ពាធគាប សង្កត់បាននោះឡើយ ហើយបើហ៊ានដើរ តាមគន្លងចាស់ដដែលនេះ នោះគឺពិតជានឹងទទួលលទ្ធផលដូច ក្រុមប្រឆាំងជំនាន់ទី១ ដែរដោយចៀសមិនផុតឡើយ»។

ដោយ : អ្នកនយោបាយតុកាហ្វេ

To Top