បរទេស៖ រដ្ឋាភិបាលទីក្រុងហូជីមិញ បានបម្រុងទុកជំនួយហិរញ្ញវត្ថុ សរុបចំនួន ៥៩៥ ពាន់លានដុង (២៦ លានដុល្លារ) ដល់ប្រជាជនចំនួន ៥៤៣.៣៤៥ នាក់ ដែលរងគ្រោះ ដោយសារិបត្តិនៃជំងឺកូវីដ១៩ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចបាននិយាយថា ក្នុងចំនួនទឹកប្រាក់ជាង ៥៨ ពាន់លានដុង (២,៤៨ លានដុល្លារ) គឺដើម្បីជួយដល់កម្មករ ចំនួន ៥៦.៥១២ នាក់ ដែលបានបាត់បង់ការងារ ឬឈប់សម្រាកដោយគ្មានប្រាក់ខែ នៅឯសហគ្រាសចំនួន ១.៩២៧ ។
ទីក្រុងនៅភាគខាងត្បូង បានចំណាយប្រាក់ចំនួន ១,០៤ ពាន់លានដុង ដើម្បីជួយដល់អ្នក គ្មានការងារធ្វើចំនួន ១.០៤៦ នាក់ ដែលមិនមានសិទ្ធិទទួល បានអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ ដោយសារការធានារ៉ាប់រងសង្គម មិនគ្រប់គ្រាន់ ដោយម្នាក់ៗទទួលបានប្រាក់ ១ លានដុង (៤៣ ដុល្លារ) ក្នុងមួយខែ។
ទន្ទឹមនឹងនេះគ្រូបង្រៀន និងបុគ្គលិកសាលាមតេយ្យឯកជន ចំនួន ១៣.០៦១ នាក់ ក៏បានទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ១ លានដុងក្នុងមួយខែ សម្រាប់ម្នាក់ៗ ផងដែរ។
ក្រៅពីនេះទីក្រុង ក៏បានចំណាយថវិកាចំនួន ១៨៣,៦ ពាន់លានដុង ដើម្បីជួយដល់កម្មករ ដែលធ្វើការដោយខ្លួនឯង (អ្នកលក់ដូរខ្លួនឯង) មានចំនួន ១៨៣.៦៤៦ នាក់ រួមទាំងអ្នកលក់ដូរតាមចិញ្ចើមថ្នល់ និងអ្នករត់ម៉ូតូឌុប (xe om) ដែលបានបាត់បង់មុខ របររបស់ពួកគេ ដោយម្នាក់ៗទទួលបាន ១ លានដុងក្នុងមួយខែ។
ថវិកាជាង ១,៣ ពាន់លានដុង ក៏ត្រូវបានផ្តល់ដើម្បីគាំទ្រ ដល់អាជីវកម្មគ្រួសារចំនួន ១.៣៤៧ ដែលរងផលប៉ះពាល់ ខណៈដែលរដ្ឋាភិបាល បានដាក់ចេញនូវវិធានការ ឃ្លាតឆ្ងាយសង្គម ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងថ្មី៕ ប្រែសម្រួលៈ ណៃ តុលា