Covid-19

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យរដ្ឋបាលក្រុង-ស្រុក អនុវត្តវិធានការ ការពារទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ខណៈក្រសួងអប់រំ បើកឲ្យសិស្សចូលរៀន នៅក្នុងខែកញ្ញានេះ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អនុវត្តវិធានការ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវី១៩ រលកទី២ ខណ:ដែលក្រសួងអប់រំ យុវជននិងកីឡា រៀបចំបើកឲ្យដំណើរការ សិស្សចូលរៀនវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ ។

លោកអភិបាលខេត្ត បានថ្លែងណែនាំដូច្នេះ នៅព្រឹកថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០២០នេះ ក្នុងពេលប្រារព្ធបើកសិក្ខា សាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ (២០២១-២០២៣) របស់រដ្ឋបាលស្រុក-ក្រុង នៅសាលាស្រុកកងមាស ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងបន្តថា នាថ្ងៃទី ០៧ ខែកញ្ញា ខាងមុខនេះ ក្រសួងអប់រំ យុវជននិងកីឡា បានបានបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានមធ្យម សិក្សាក្នុងដំណាក់កាលទី ២ ដូច្នេះ លោកអភិបាលខេត្ត សូមស្នើឱ្យរដ្ឋបាលក្រុង-ស្រុក សហការជាមួយមន្ទីរអប់រំខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីពង្រឹងការអនុវត្តស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ ដែលត្រូវអនុវត្តវិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ជៀសវាងឲ្យបាន នៃការឆ្លងនៃជំងឺនេះក្នុងរលកទី ២ ដើម្បីសុវត្ថិភាពសាលារៀន និងសហគមន៍ ។

ស្ថិតក្នុងឱកាស ប្រកាសបិទសិក្ខាសាលានេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុនចាន់ដា បានមានប្រសាសន៍ថា សិក្ខា សាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ (២០២១-២០២៣) គឺជាវេទិកាសម្របសម្រួលការអភិវឌ្ឍន៍ ហើយក៏ជាឱកាសដ៏មានសារសំខាន់ ដែលយើងទាំងអស់គ្នា បានធ្វើការជជែកចរចា ដើម្បីលើកស្ទួយឲ្យកាន់តែប្រសើរឡើង រៀបចំដំណើរការអភិវឌ្ឍរបស់យើង អោយចំគោលដៅ ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលខេត្ត បានសំដែងការសាទរ ដែលសិក្ខាសាលានេះ ពិភាក្សាគ្នា ទទួលបានលទ្ធផលល្អប្រសើរ ដោយមានសកម្មភាពមមាញឹក និងមានការចូលរួមជាច្រើនពីដៃគូពាក់ព័ន្ធ ។ ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរ គុណដល់លោកមេឃុំ គណៈកម្មការកសាងផែនការ ដែលបានខិតខំកសាងផែនការ និងតម្រូវការជាអទិភាព របស់ប្រជាពលរដ្ឋ រៀបចំជាកម្មវិធីវិនិយោគរបស់ឃុំ ហើយជ្រើសរើសបាន នូវគម្រោងអាទិភាព យកមកពិភាក្សាក្នុងសិក្ខាសា លាសមាហរណកម្ម នាពេលនេះ ទទួលបាននូវការគាំទ្រ ពីមន្ទីរជំនាញ អង្គការជាតិ និងភ្នាក់ងារអភិវឌ្ឍន៍ផងដែរ ដែលសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំង ពីសមត្ថភាពទទួលខុសត្រូវ របស់ឃុំ-សង្កាត់ ក្នុងការគ្រប់គ្រង ចាប់ចែងដឹកនាំ នៃការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដោយមានការចូលរួម ពីប្រជាជន និងអ្នកពាក់ព័ន្ធ ៕

To Top