ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យទៅកាន់បិណ្ឌទី ៤ នៅវត្តលង្កាព្រះកុសុមារាម ដែលស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ៤រោជ ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវនឹងវេនកាន់បិណ្ឌទី៤ ស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។
សូមបញ្ជាក់ថា ទេយ្យទាន និងទេយ្យវត្ថុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាសកាន់បិណ្ឌវេនទី៤ នាវត្តលង្កាព្រះកុសុមារាម រួមមានដូចខាងក្រោម ៖
១/ ទេយ្យវត្ថុចំនួន ១៤មុខ ៖ អង្ករ មី ត្រីខ ស្ករស តែ ទឹកដោះគោខាប់ មៀនកំប៉ុង អូវ៉ាន់ទីន ទឹកក្រូច ទឹកបរិសុទ្ធ ត្រីងៀត សាច់ក្រក អាល់កុល និងម៉ាស់ពាក់មុខ។
២/ ទេយ្យទានប្រគេនព្រះសង្ឃ ១៧០អង្គ ក្នុងមួយអង្គៗទទួលបាន ទេយ្យវត្ថុ ១កញ្ចប់ និងបច្ច័យ ៥ម៉ឺនរៀល។
៣/ ជូនយាយជី តាជី ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀល។
៤/ បច្ច័យកាន់បិណ្ឌ ចំនួន ៥លានរៀល និងបច្ច័យរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ។
ដោយឡែក បច្ច័យចូលរួមពីពុទ្ធបរិស័ទក្នុងឱកាសនេះមានសរុបចំនួន ១៨.៥៧០.០០០រៀល និង ៦.២២០ដុល្លារអាមេរិក៕