ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី៩០០.០០០នាក់ គិតត្រឹមថ្ងៃពុធ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីសាកលវិទ្យាល័យ Johns Hopkins University ។
ទិន្នន័យរបស់សាកលវិទ្យាល័យ បានបង្ហាញឲ្យឃើញថា សរុបអ្នកស្លាប់នៅទូទាំងពិភពលោក បានកើនឡើងដល់៩០០.០៧៩នាក់ ទន្ទឹមនឹងនេះដែរ នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺដល់ទៅជាង២៧,៦លាននាក់ គិតត្រឹមម៉ោង៥និង២៨នាទីល្ងាច ត្រូវនឹងម៉ោង២១និង២៨នាទីយប់ ម៉ោងសកល ។
សហរដ្ឋអាមេរិក នៅតែជាប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺឆ្លង ដែលមានអ្នកឆ្លងជំងឺដល់ទៅ ៦.៣៥៦.៣១០នាក់ និងមានអ្នកស្លាប់ ចំនួន១៩០.៦៤៩នាក់ ដែលនាំឲ្យតួលេខនេះ ស្មើនឹងជាង២០ភាគរយ នៃចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក ។
បណ្តាប្រទេសជាច្រើនទៀត មានអ្នកស្លាប់លើសពី៣០.០០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងម៉ិកស៊ិក អង់គ្លេស អ៊ីតាលី បារាំង និងប៉េរូ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា