Covid-19

ទូតឥណ្ឌា សរសើរកម្ពុជា គ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ខណៈអ្នកជំងឺទាំងអស់ បានជាសះស្បើយ

ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកសរសើរថា កម្ពុជាបានគ្រប់គ្រង ការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ដែលរហូតមកដល់ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ នៅកម្ពុជា បានជាសះស្បើយទាំងស្រុង ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ នៅកម្ពុជាទាំង ២៧៤នាក់ បានជាសះស្បើយ ១០០% បន្ទាប់ពីអ្នកជំងឺចុងក្រោយគេបង្អស់ ត្រូវបានព្យាបាលជាសះស្បើយ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានព្យបាលជាសះស្បើយ ១០០% លើកទី១ ម្តងរួចទៅហើយ ដែល នៅពេលនោះ ប្រទេសកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២២នាក់ប៉ុណ្ណោះ ។

ការលើកសរសើររបស់ លោក Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជាបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រទី ១១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

ក្នុងជំនួបនោះ លោកស្រី Manika Jain បានគោរពសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះផងដែរលោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ និងប្រជាជនកម្ពុជា ដែលកន្លងមកបានផ្ដល់នូវ ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរ ធ្វើឱ្យបេសកកម្មកាទូតរបស់លោកស្រី នៅកម្ពុជានាពេលនេះជាង ២ឆ្នាំកន្លងមកនេះ ទទួលនូវភាពជោគជ័យត្រចះត្រចង់ ក្នុងនោះរួមទាំងមានការអញ្ជើញ ទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ទៅកាន់ប្រទេសឥណ្ឌាផង ហើយជាមួយគ្នានោះ ក៏មានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងសាធារណការ និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀត បានទៅធ្វើទស្សនកិច្ច នៅប្រទេសឥណ្ឌាផងដែរ។

លើសពីនេះទៅទៀត ក៏មានការធ្វើដំណើរ មកប្រទេសកម្ពុជារបស់ ដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា រដ្ឋមន្ត្រីការពារជាតិឥណ្ឌាផងដែរ ដែលសកម្មភាពទាំងអស់នេះ ធ្វើឱ្យទំនាក់ទំនងរវាង ប្រទេសទាំងពីរកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែរីកដុះដាលប្រសើរឡើងជាលំដាប់។ លោកស្រីបានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនីមួយៗ មានការចុះហត្ថលេខាលើអនុស្សារណៈ កិច្ចព្រមព្រៀងលើការអភិវឌ្ឍ គម្រោងផ្សេងៗផងដែរ ដែលជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរអោយ កាន់តែល្អបន្ថែមទៀត។

ជាសាក្ខីភាពទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានកើនឡើង ជាលំដាប់ក្នុងន័យនេះដែរលោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចតេជោថា តាមអ្វីដែលលោកស្រីបានកត់សម្គាល់ គឺក្នុងរយៈពេលជាង២ឆ្នាំកន្លះនេះ កម្ពុជា និងឥណ្ឌាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នាស្ទើរតែគ្រប់វិស័យទាំងអស់។

ជាការឆ្លើយតបសម្ដេចសម្គាល់ឃើញ ដូចលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាដែរថា កម្ពុជា និងឥណ្ឌាមានកិច្ចសហប្រតិបត្តិការ ស្ទើតែគ្រប់វិស័យទៅហើយ ហើយវិស័យនីមួយៗ សុទ្ធតែវិស័យសំខាន់ៗ ក្នុងការជំរុញលើកកម្ពស់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចតេជោបន្តថា អ្វីដែលជាការងារបន្តសម្ដេចតេជោ បានជម្រាបជូនលោកស្រីថា យើងគប្បីណាលើកកម្ពស់ អនុស្សារណៈដែលយើង បានចុះហត្ថលេខារួចមក ឱ្យទៅជាកិច្ចព្រមព្រៀង ហើយកិច្ចព្រមព្រៀងដែលយើង បានចុះជាមួយគ្នាគប្បីណាជំរុញការអនុវត្ត ដើម្បីឈានឆ្ពោះទៅការជោគជ័យ លើរាល់កិច្ចព្រមព្រៀងដែល បានចុះហត្ថលេខាហើយនោះ ។

សម្តេតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា អ្វីដែលយើងបានចុះហត្ថលេខាយើង គប្បីណាពិនិត្យមើលបន្ថែមទៀត ក្នុងការពង្រឹងតួនាទី សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីទៅពង្រីកវិសាលភាពទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសឲ្យកាន់តែរឹងមាំ ថែមមួយកម្រិតទៀត ៕

To Top