បរទេស៖អគ្គលេខាធិការអង្គការសម្ពន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ បានមានប្រសាសន៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ណាតូត្រូវតែចាប់យកប្រទេសនានានៅខាងក្រៅតំបន់អឺរ៉ុប ដើម្បីពង្រីកវិសាលភាព ឥទ្ធិពលរបស់ខ្លួន ស្របពេលដែលអំណាចយោធាចិនកំពុងតែរីកធំធាត់ឡើង។
លោក Jens Stoltenberg បាននិយាយប្រាប់សន្និសីទរបស់មជ្ឈមណ្ឌលការវិភាគគោលនយោបាយអឺរ៉ុបដូច្នេះថា “ការកើនឡើងនៃប្រទេសចិន ជាមូលដ្ឋានកំពុងតែផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោក ហើយប្រទេសចិនមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ទម្ងន់ផ្នែកសេដ្ឋកិច្ចនិងការទូតរបស់ខ្លួន ដើម្បីសម្លុតដៃគូជំនួញនិងក្រុមហ៊ុនឯកជននានានោះទេ”។
លោកអគ្គលេខាធិការអង្គការណាតូរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ការប្រើប្រាស់ណាតូឲ្យកាន់តែមានលក្ខណៈបែបនយោបាយបន្ថែមទៀតនោះ គឺមានតម្លៃដើម្បីបញ្ជូនសារនយោបាយរួមសាមគ្គីគ្នាយ៉ាងច្បាស់ ព្រោះរួមបញ្ចូលគ្នា សម្ពន្ធមិត្តណាតូតំណាងឲ្យពាក់កណ្ដាល នៃអំណាចសេដ្ឋកិច្ចនិងយោធារបស់ពិភពលោក”៕ប្រែសម្រួល៖ប៉ាង កុង