Covid-19

នាយករដ្ឋមន្រ្តីបារាំង ព្រមានដាក់ចេញវិធានការឱ្យនៅដាច់ដោយឡែកជាលើកទី២ ក្រោយមានអ្នកឆ្លងមេរោគថ្មី ១៦ ០០០ នាក់ ក្នុងពេល២៤ម៉ោងចុងក្រោយនេះ

បរទេស៖ នាយករដ្ឋមន្រ្តីបារាំង លោក Jean Castex បានព្រមានដល់ពលរដ្ឋនៃប្រទេសនេះថា រដ្ឋាភិបាលអាចចេញវិធានការដាក់ឱ្យនៅដាច់ដោយឡែក ជុំវិញកើនឡើងនៃចំនួន ករណីឆ្លងថ្មីមេរោគកូវីដ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ភ្នាក់ងារ Sante Publique ដែលជាភ្នាក់ងារសុខភាពជាតិបារាំង បាននិយាយថា ប្រទេសនេះបានបញ្ជាក់ថា មានករណីឆ្លងវីរុសថ្មីចំនួន ១៦ ០០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលបង្ហាញពីការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើង។

លោក Castex បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងត្រូវបានស្រង់សម្តីដោយកាសែត Figaro ថា « ប្រសិនបើយើងមិនធ្វើអ្វីទាំងអស់ យើងអាចនឹងប្រឈមមុខ នឹងស្ថានភាពដូចនៅក្នុងខែមីនា។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺន បន្ថែមទៀតអាចមានន័យថា ជាការដាក់ឱ្យនៅដាច់ពីគ្នាជាលើកទី ២ » ។

ការដាក់ឱ្យនៅដាច់ពីគ្នាដំបូង ត្រូវបានណែនាំនៅប្រទេសបារាំងនៅថ្ងៃទី ១៧ ខែមីនា។ ចាប់ផ្តើមពីថ្ងៃទី ១១ ឧសភាប្រទេសបារាំងបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ទាក់ទងនឹងមេរោគនេះ។

អង្គការសុខភាពពិភពលោក បានប្រកាសពីការផ្ទុះឡើង នៃមេរោគកូវីដ១៩ នៅថ្ងៃទី ១១ ខែមីនា។ រហូតមកដល់បច្ចុប្បន្ននេះមនុស្សជាង ៣២ លាននាក់បានឆ្លងវីរុសនេះ ហើយនៅទូទាំងពិភពលោកដោយមានអ្នកស្លាប់ជាង ៩៧៩ ០០០ នាក់នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ។

ចំណែនៅប្រទេសបារាំងវិញ បានបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណា ជាង ៥៣៦ ០០០ ករណី ដោយមានអ្នកស្លាប់ជាង ៣១ ០០០ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top