នយោបាយ

វិភាគ ៖ តើចិនអាចដណ្តើម យកកំពង់ផែ យុទ្ធសាស្ត្រ របស់ប្រទេស ព័រទុយហ្កាល់ ពីមាត់អាមេរិកបានទេ ?

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ CGTN បានចុះផ្សាយថា ក្រុមហ៊ុនវិនិយោគ របស់ប្រទេសចិន កំពុងមានប្រៀប ក្នុងការប្រជែងដណ្តើមយក កំពង់ផែយុទ្ធសាស្ត្រ ស៊ីណេស Sines របស់ប្រទេសព័រទុយហ្កាល់ ពីមាត់អាមេរិក នៅពេលខាងមុខ តាមរយៈការបោះទុនវិនិយោគ ក្នុងតម្លៃទឹកប្រាក់ រាប់ពាន់លានដុល្លារ អាមេរិកពីក្រុមហ៊ុនចិន ។

ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនធំៗរបស់ប្រទេសចិន មិនត្រឹមតែដណ្តើមយកទីផ្សារ ក្នុងប្រទេសមួយចំនួន នៅអឺរ៉ុបពីមាត់អាមេរិកនោះទេ ក្រុមហ៊ុនចិន ក៏បានវាយលុកចូលទីផ្សារអឺរ៉ុប តាមចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀត និងកំពុងដណ្តើមយកកំពង់ផែ យុទ្ធសាស្ត្រ នៅព័រទុយហ្កាល់ទៀត ។

ក្រុមហ៊ុនចិន បានវាយលុកចូលទីផ្សារអឺរ៉ុបខ្លាំងឡើងៗ ហើយកំពុងដណ្តើយកកំពង់ផែ យុទ្ធសាស្ត្រ ស៊ីណេស Sines របស់ប្រទេសព័រទុយហ្កាល់ ពីមាត់អាមេរិក គឺដោយសារក្រោយ ពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០១១ កន្លងមក ព័រទុយហ្កាល់បានក្លាយជាប្រទេសអឺរ៉ុបមួយ ដែលទទួលវិនិយោគចិន ច្រើនជាងគេបំផុត ។

ចាប់តាំងពីខែមីនា២០១៩កន្លងមក អាមេរិកបានប្រឆាំងនឹងគម្រោង វិនិយោគអគ្គីសនីរបស់ព័រទុយហ្កាល់ ជាមួយក្រុមហ៊ុនរដ្ឋចិន ក្រោមហេតុផលថា ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei មានចំណែកអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) នៅព័រទុយហ្កាល់ ឬការជ្រៀតចូលនៃក្រុមហ៊ុនចិនក្នុងក្រុមហ៊ុនសំណង់ព័រទុយហ្កាល់ ។

លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ ទីក្រុងលីស្បូន ប្រទេសព័រទុយហ្កាល់ បានិយាយថា សហរដ្ឋអាមេរិក មិនសប្បាយចិត្តទេ បើព័រទុយហ្កាល់សម្រេចចិត្ត ឱ្យក្រុមហ៊ុនចិនជាអ្នកសាងសង់ផែ ទទួលកប៉ាល់កុងតឺន័រ នៅកំពង់ផែស៊ីណេស sines និងបានព្រមានឱ្យព័រទុយហ្កាល់ ជ្រើសរើសយកតែមួយ ក្នុងចំណោមអំណាច ទាំងពីរគឺ អាមេរិក និងចិន ។

សូមបញ្ជាក់ជូនថា កាលពីខែតុលាឆ្នាំ២០១៩ កន្លងទៅ ព័រទុយហ្កាល់ បានប្រកាសរកវិនិយោគបរទេស ទៅសាងសង់កំពង់ផែ ស៊ីណេស ពង្រីកជាផែកុងតឺន័រ ដែលអាចនឹងចាប់ដំណើរ ការនៅឆ្នាំ២០២៤ ខាងមុខនេះ ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ប្រទេសព័រទុយហ្កាល់ បានចុះផ្សាយថា នៅក្នុងចំណោមក្រុមហ៊ុនបរទេស ជាច្រើនបានមកដាក់ពាក្យ និងមានសំណាងឈ្នះច្រើនជាងគេ គឺមានក្រុមហ៊ុនយក្សផ្នែក ដឹកជញ្ជូនជើងទឹកចិន Cosco ឬក្រុមហ៊ុន Shanghai International Port Group ។

ព័រទុយហ្កាល់ មិនទាន់សម្រេចថា តើត្រូវអោយទៅក្រុមហ៊ុន របស់ប្រទេសណាក្នុងការសាងសង់កំពង់ផែ ស៊ីណេស ពង្រីកជាផែកុងតឺន័រនោះទេ ប៉ុន្តែកាលពីថ្ងៃសៅរ៍ទី២៦ ខែកញ្ញា២០២០នេះ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានប្រចាំសប្តាហ៍Expresso ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំក្រុងលីស្បូនលោក Georges Glass បានអះអាងថា ស៊ីណេស ដែលស្ថិតនៅជាង១០០គីឡូម៉ែត្រពីរដ្ឋធានី ជាកំពង់ផែប្រកបដោយយុទ្ធសាស្ត្របំផុត សម្រាប់សហរដ្ឋអាមេរិក ព្រោះជាកំពង់ផែទឹកជ្រៅអឺរ៉ុប ដែលនៅជិតដីអាមេរិកជាងគេ ។

អាមេរិកសង្ឃឹមថា ស៊ីណេសមិនធ្លាក់ទៅក្នុងដៃចិនទេ ហើយកំពង់ផែដែលមានរចនាសម្ព័ន្ធសម្រាប់ទទួលឧស្ម័នរាវពីអាមេរិកមកអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៦កន្លងមក បានលើកព័រទុយហ្កាល់ឱ្យក្លាយជាស្នូលនៃការផ្គត់ផ្គង់ឧស្ម័ននិងជាមជ្ឈមណ្ឌលសន្តិសុខថាមពលរបស់អឺរ៉ុប ។

តែដោយអាមេរិក ដែលគ្មានក្រុមហ៊ុនគ្រប់គ្រង កំពង់ផែនៅបរទេស ដូច្នេះអាមេរិកចង់ឃើញក្រុមហ៊ុនអឺរ៉ុប ជាអ្នកធ្វើប្រតិបត្តិការនិង សាងសង់ផែកុងតឺន័រ នៅកំពង់ផែស៊ីណេសនេះវិញ ដែលនេះបើតាមការលម្អិតបន្ថែម របស់លោកឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសព័រទុយហ្កាល់ ។

គ្រាន់តែបានឮសំដីមន្ត្រីទូតអាមេរិកភ្លាម រដ្ឋមន្ត្រីការបរទេសព័រទុយហ្កាល់ បានបញ្ចេញប្រតិកម្មយ៉ាងទាន់ហន់ភ្លាមថា នៅព័រទុយហ្កាល់ គឺអាជ្ញាធរព័រទុយហ្កាល់ ជាអ្នកសម្រេច ដើម្បីប្រយោជន៍ព័រ ទុយហ្កាល់ មិនមែនអាមេរិកជាអ្នកសម្រេចនោះទេ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយកើតសង្គ្រាមប្រកួតប្រជែង ដណ្តើមយកកំពង់ផែនយុទ្ធសាស្ត្រ របស់ប្រទេសព័រទុយហ្កាល់ រវាងប្រទេសចិន និងសហរដ្ឋអាមេរិកនេះ គឺដោយសារចិន បានចុះហត្ថលេខាជាមួយ ព័រទុយហ្កាល់ ក្នុងគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១ ហើយចិនមានគម្រោង យកច្រកព័រទុយហ្កាល់ ទៅតភ្ជាប់ជាមួយប្រទេស ផ្សេងទៀតនៅអឺរ៉ុប ។

ថ្វីត្បិតតែប្រទេសទាំង២៧ ជាសមាជិករបស់សហភាពអឺរ៉ុប ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ជាមួយសហរដ្ឋអាមេរិក ក៏ដោយអស់រយៈពេលជិត មួយសតវត្សរ៍ហើយក៏ដោយ ក៏នៅពេលបច្ចុប្បន្ននេះ ប្រទេសចិនមានឥទ្ធិពលខ្លាំងលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់នេះដែរ តាមរយៈគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១ ។

ក្រុមអ្នកជំនាញផ្នែកភូមិ សាស្ត្រនយោបាយ បានលើកឡើងថា ចិនកំពុងរាយសំណាញ់ទឹកប្រាក់ នៅសហភាពអឺរ៉ុប និងចង់ក្រសោប យកតំបន់អឺរ៉ុប ទាំងមូល តាមរយៈការវិនិយោគផ្នែកសំណង់ និងការដាក់ពង្រាយប្រព័ន្ធបច្ចេកវិទ្យបច្ចេកវិទ្យា ជំនាន់ទី៥ (5G) ដែលប្រទេសចិនកំពុងឈានមុខគេ លើពិភពលោក ៕
ដោយ ៖ អ៊ី ជិន

To Top