ភ្នំពេញ៖ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ភ្ជាប់ជាមួយទែរម៉ូម៉ែត្រប្រើប្រាស់កាំរស្មីក្រហមអាំងប្រាស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតដល់ក្រសួងសុខាភិបាលដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ហើយឧបករណ៍ទាំងនេះនឹងត្រូវប្រើប្រាស់នៅតាមសាលារៀនបានបើកដំណើរការឡើងវិញកាលពីថ្ងៃទី៧ ខែកញ្ញាបន្ទាប់ពីបិទទ្វាររយៈពេល ៦ ខែកន្លងមក។
ផ្ទាំងក្តារព័ត៌មាននីមួយៗ មានរៀបរាប់អំពីវិធានការបង្ការជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងមានបំពាក់ជាមួយនូវទែរម៉ូម៉ែត្រប្រើប្រាស់កាំរស្មីក្រហមអាំងប្រាដែលវាស់កម្តៅស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ។ មុនពេលចូលសាលារៀន សិស្សានុសិស្ស នឹងត្រូវឈរនៅខាងមុខឧបករណ៍ស្គែននេះដើម្បីវាស់កម្តៅ។
ពន្លឺពណ៌បៃតង បញ្ជាក់អំពីកម្តៅដែលមានសុវត្ថិភាព (៣៧,៥ អង្សាសេ ឬទាបជាងនេះ) ហើយបន្ទាប់មក ពួកគេអាចដាក់ដៃរបស់ពួកគេនៅក្រោមឧបករណ៍ដាក់អាល់កុលលាងដៃដែលនឹងចេញដោយស្វ័យប្រវត្តិ។ ប្រសិនបើទែរម៉ូម៉ែត្របញ្ចេញពន្លឺពណ៌ក្រហម បញ្ជាក់ថា សិស្សនោះគ្រុនក្តៅ និងត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីធ្វើការព្យាបាលជាបន្ទាន់។ ក្នុងដំណាក់កាលទាំងមូល គឺសិស្សមិនចាំបាច់ប៉ះទែរម៉ូម៉ែត្រ និងឧបករណ៍ដាក់អាល់កុលលាងដៃនោះទេ ហើយវាមានអនាម័យខ្ពស់ លឿន និងមានសុវត្ថិភាពបំផុត។
នៅក្នុងពិធីប្រគល់ និងទទួលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានមកទទួលបរិក្ខារទាំងនេះដោយផ្ទាល់ជាមួយនឹងឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ អេង ហួត លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ យក់ សម្បត្តិ លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ឱ វណ្ណឌីន និងមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ពីនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen ប្រធានផ្នែករដ្ឋបាលសុវត្ថិភាព និងសុខភាពការងារ លោក Emilio Thiel និងនាយកផ្នែកការងារសង្គម អ្នកស្រី Cheong Cheng ។
លោក Pern Chen បានឲ្យដឹងថា “យើងសង្ឃឹមថា ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់លាងដៃស្វ័យប្រវត្តិទាំងនេះ នឹងជួយសម្រួលដល់សិស្ស និងមន្ត្រីអប់រំនៅពេលពួកគេត្រឡប់មកសាលារៀនវិញ។ “បរិក្ខារទាំងនេះ សុទ្ធតែដំណើរការដោយស្វ័យប្រវត្តិ ដូច្នេះយើងមិនចាំបាច់ស្គែនដើម្បីវាស់កម្តៅពួកគេដោយប្រើដៃ និងចាក់អាល់កុលលើដៃពួកគេដោយប្រើដៃនោះទេ។ ប្រសិនបើសិស្សានុសិស្ស មានអារម្មណ៍មិនស្រួលខ្លួន ពួកគេអាចដើរទៅរកឧបករណ៍ទាំងនោះគ្រប់ពេលដើម្បីវាស់កម្តៅ និងលាងសម្អាតដៃរបស់ពួកគេ”។
លោក Pern Chen បានបន្ថែមថា “ចំណែកព័ត៌មាននៅលើផ្ទាំងក្តារព័ត៌មាន ក៏នឹងណែនាំសិស្សានុសិស្សអំពីការអនុវត្តល្អបំផុតដើម្បីបង្ការជំងឺកូវីដ-១៩ ផងដែរ ដូចជា ការពាក់ម៉ាស់ត្រឹមត្រូវ និងវិធានការអនាម័យ ។ល។ ជាថ្មីម្តងទៀត យើងសូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលដែលបានអនុញ្ញាតឲ្យណាហ្គាវើលដ៍ចូលរួមជួយរក្សាសុវត្ថិភាពនៅក្នុងអំឡុងពេលជំងឺរាតត្បាតសកលនេះ”។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា “ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភ ផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិដើម្បីរក្សាសុវត្ថិភាពដល់សិស្សានុសិស្សរបស់យើងនៅពេលពួកគេត្រឡប់មកសាលារៀនវិញ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះណាហ្គាវើលដ៍ដែលបានឧបត្ថម្ភជាបន្តបន្ទាប់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបង្ការ គ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា”។
សូមបញ្ជាក់ថា បរិក្ខារ ១០០ ឈុតដែលមានតម្លៃសរុប ៥០.០០០ ដុល្លារអាមេរិកនេះ គឺជាការឧបត្ថម្ភលើកទីបួនរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសដល់ក្រសួងសុខាភិបាលបន្ទាប់ពីការឧបត្ថម្ភកុំព្យូទ័រយួរដៃ ៥ គ្រឿង ជែលលាងដៃ ៥០០ ដប ម៉ាស៊ីនធ្វើតេស្តរកមេរោគ ១ គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត និងឧបករណ៍ប្រមូលសំណាកមេរោគ ៣.០០០ ឈុត។
គួររំឭកផងដែរថា ក្នុងរយៈពេល ៤ ខែកន្លងទៅនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានធ្វើការឧបត្ថម្ភផងដែរនូវម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញដែលសរុបជាទឹកប្រាក់មានចំនួន ១១៨.០០០ ដុល្លារអាមេរិក៕