ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវអាជ្ញាធរបន្ដ ចែករំលែកចំណេះដឹង រស់នៅស្អាត កាត់បន្ថយប្រើថង់ប្លាស្ទិកធ្វើឲ្យជន់លិច ដោយទឹកភ្លៀង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដអនុវត្តចែករំលែក ចំណេះដឹងក្នុងការជំរុញសកម្ម ភាពការពារសុខភាព អនាម័យផ្ទាល់ខ្លួន រស់នៅស្អាត ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាសិ្ទក ចោលពាសវាលធ្វើឲ្យប៉ះពាល់ដល់ការ ជន់លិននិងកើតជំងឺផ្សេងៗ។

បើយោងតាមសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្នុងស្មារតីដើម្បីចូលរួមធ្វើ ឲ្យប្រសើរឡើងក្នុងការរស់នៅ ដោយសុវត្ថិភាព និងភាពធន់គ្រោះមហន្ដរាយនៅព្រះ រាជាណាចក្រកម្ពុជា ខ្ញុំសូមអំពាវនាវអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ត្រូវបន្ដអនុវត្តចែករំលែក ចំណេះដឹងរវាងគ្នានិងគ្នា ក្នុងការជំរុញសកម្ម ភាពការពារសុខភាព អនាម័យផ្ទាល់ខ្លួនរស់នៅស្អាត បរិស្ថានល្អនៅតាមមូលដ្ឋានជាមួយការទុកដាក់កាក សំណល់សំរាមឲ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាសិ្ទកចោលពាសវាលធ្វើឲ្យប៉ះពាល់ដល់ ការជន់លិនជំនន់ទឹកភ្លៀង បរិស្ថាន និងកើតជំងឺផ្សេងៗដែលជាហានិភ័យគ្រោះមហន្ដរាយ»។

សម្ដេចតេជោបន្ដថា ជាមួយនោះក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវបំផុសចលនា យល់ដឹងដើម្បីការត្រៀមបង្ការ ត្រៀមរៀបចំការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ ក៏ដូចជាការស្តារឡើង វិញឲ្យប្រសើរជាងមុនប្រកបដោយប្រសិទ្ធភាព ដើម្បីភាពធន់ទៅមុខសញ្ញាគ្រោះថ្នាក់នានា ក្នុងបរិបទនៃហានិភ័យគ្រោះមហន្ដរាយកើនឡើង។

សម្ដេចតេជោបន្ថែមថា ត្រូវបន្ដអនុវត្ត និងប្រកាន់ខ្ជាប់ជារៀងរហូតនូវស្មារតីសាមគ្គីភាពតាមរយៈវប្បធម៌នៃការ ចែករំលែកជួយគ្នាទៅវិញទៅមក និងប្រពៃណីចូលរួមសហការឲ្យបានកាន់តែរឹងមាំថែមទៀត ក្នុងការក្សាស្ថិរ ភាពសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅ តំបន់ងាយរងគ្រោះមហន្ដរាយ និងយកចិត្តទុកដាក់លើសមត្ថភាព និងលទ្ធភាពផ្ទាល់ខ្លួនឆ្លើយតប ទៅនឹងគ្រោះមហន្ដរាយឲ្យទាន់ពេលវេលា។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ត្រូវពង្រឹងយន្ដការ និងសមត្ថភាពនៅគ្រប់ថ្នាក់ ពិសេសនៅថ្នាក់សហគមន៍ដោយបង្កើនកម្រិតការយល់ដឹងលើការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយបញ្ហាដែល ជាបុព្វហេតុនៃហានិភ័យ ដើម្បីការរស់នៅដោយសុវត្ថិភាព និងភាពធន់គ្រោះមហន្ដរាយ ពិសេស ស្ដ្រី កុមារ ជនមានពិការភាព ចាស់ជរា៕ដោយ ៖ អេង ប៊ូឆេង

To Top