ភ្នំពេញ : នៅក្នុងកិច្ចប្រជុំស្តីពីគ្រោះមហន្តរាយ នៅថ្ងៃទី ១២ ខែតុលានេះលោក នុត ពុធដារ៉ា អភិបាលបាលរងខេត្តកណ្ដាល បានត្រៀមជាស្រេច ដើម្បីឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយសហការជាមួយដៃគូអភិវឌ្ឍន៍និងសប្បុរសធម៌ ឆ្លើយតបនឹងបញ្ហាគ្រោះមហន្តរាយ ជាយថាហេតុ ក្នុងភូមិសាស្រ្តខេត្តកណ្តាលទាំងមូល។
លោកអភិបាលរងបានបន្តថា យើងត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះអោយបានរហ័ស និងទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយ កើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹង ពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបអោយបានទាន់ពេលវេលា និងបន្តណែនាំជាប្រចាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយ សរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ។
លោកបន្តថា ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តន៍ សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយ និងមានវិធានការការពារ និងទប់ស្កាត់ អោយបានទាន់ពេលវេលា។
ជាពិសេស ក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗពិសេសការងាគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រៀមកម្លាំងអន្តរាគមន៍ បង្ការ និងជួយសង្រ្គោះ និងត្រូវមានសំភារ: និងស្បៀងនៅពេលមានគ្រោះ មហន្តរាយកើត ឡើងភ្លាមៗ នៅមូលដ្ឋាន៕