ព័ត៌មានជាតិ

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋ នៅក្រោមទំនប់ស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្ន ខណៈកម្រិតទឹកឈានដល់ ការប្រកាសអាសន្ន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយសណ្តរ ទំនប់និងផ្នែកខាងក្រោម ស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្ន ខណៈកម្រិតទឹកឈាន ដល់ការប្រកាសអាសន្ ្ន។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារចុះពិនិត្យ និងបញ្ជាការងារអន្តរាគមន៍ នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈម នឹងជំនន់ទឹកស្ទឹងព្រែកត្នោត ។

ក្រសួងបញ្ជាក់ថា ស្ថានភាពទឹកជាក់ស្តែង នៅពេលនេះ គឺដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជន់ជំនន់ស្ទឹងព្រែកត្នោត ដោយសារបរិមាណ ទឹកហូរខ្លាំងមកពីផ្នែកខាងលើ ចូលក្នុងស្ទឹងព្រែកត្នោតបន្ថែម និងភ្លៀងធ្លាក់ខ្លាំងមុននេះ លើសពីកម្រិត ៧២,៨០ មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់ បណ្តាលឲ្យកម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់កម្ពស់អតិបរមាកាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹកខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូលើទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាង កម្ពស់អតិបរមាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ដែលមានកម្ពស់ទ្វារទឹកមុខត្រឹម ៥,៨៥ ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,០៥ម៉ែត្រ កម្ពស់ទ្វារទឹកខាងក្រោយ ៨,៥៨ ម៉ែត្រ ប៉ុណ្ណោះ ។

ក្រសួងបញ្ជាក់បន្ថែមថា គិតចាំពីពេលថ្ងៃត្រង់ មកដល់ពេលនេះ កម្ពស់ទឹកបានហក់ឡើង ០,៣០ម៉ែត្របន្ថែម ធ្វើឲ្យកម្ពស់ទឹកដែលស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់(ដែលបានច្រកបាវខ្សាច់លើកកម្ពស់ ០,៤០-០,៥០ម៉ែត្រ) បន្តកើនកម្ពស់ទឹក ទៅហូរលើពីបាវខ្សាច់ ហូរចុះទៅផ្នែក ខាងក្រោមជាបណ្តើរៗ ហើយ ។

ជាការអំពាវនាវ របស់ក្រសួងធនធានទឹក និងឧតុនិយម សូមបងប្អូនប្រជាពលរដ្ឋរស់នៅ តាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោម មេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ: ដើម្បីបញ្ជៀស នូវគ្រោះថ្នាក់ ជាយថាហេតុ ពីជំនន់ទឹកភ្លៀង តាមសណ្តរស្ទឹងព្រែកត្នោតនេះ ៕

To Top