ព័ត៌មានជាតិ

លោក កឹម សុខា អំពាវនាវដល់ពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់និង សំណូមពរឲ្យខ្មែរជួយគ្នា ក្នុងគ្រាអាសន្ន

ភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវឲ្យបងប្អូនជនរួមជាតិ បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ និងសូមឲ្យខ្មែរជួយគ្នាក្នុងគ្រាអាសន្ន តាមលទ្ធភាពរៀងៗខ្លួន។

តាមរយៈហ្វេសប៊ុកផេកលោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា ថ្ងៃនេះ ទោះបីមិនមានអ្វីធំដុំច្រើនក៏ដោយ ក៏ខ្ញុំនិងសហការី បានមកជួបមុខ សួរសុខទុក្ខ និងបានរួមចំណែក ផ្តល់ស្បៀងអាហារជូនបងប្អូន ដែលរងគ្រោះដោយទឹកជំនន់ ប្រមាណជាមួយរយគ្រួសារដោយផ្ទាល់ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ហេីយខ្ញុំនឹងព្យាយាមចូលរួមចែករំលែក បន្តទៅទៀតតាមលទ្ធភាព ។

លោក កឹម សុខា បញ្ជាក់ថា “ខ្ញុំសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ បន្តប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រោះទឹកជំនន់នេះ។ សូមខ្មែរជួយគ្នាក្នុងគ្រាអាសន្ន តាមលទ្ធភាពរៀងៗខ្លួន។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណសប្បុរសជន និងសូមអរគុណសមត្ថកិច្ច ដែលបាន និងកំពុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើង។ សូមឲ្យបងប្អូនជនរួមជាតិខ្មែរ មានសេចក្តីសុខ ចាកផុតគ្រោះ និងទុក្ខទាំងឡាយ”៕

To Top