បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឲ្យធ្វើសកម្មភាពលឿនរហ័ស សម្រេចកិច្ចព្រមព្រៀង ជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងសារធ្វីតធើមួយ ដែលសង្កត់ធ្ងន់លើការ រិះគន់របស់កូរ៉េខាងជើង លើអតីតអនុប្រធានាធិបតី Joe Biden។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ត្រាំ បាននិយាយប្រាប់លោក គីម ជុងអ៊ុន យ៉ាងដូច្នេះថា “អ្នកគួរតែធ្វើសកម្មភាពឲ្យបានលឿន សម្រេចធ្វើកិច្ចព្រមព្រៀងគ្នា” ហើយលោកបានព្រលយពាក្យ និយាយអំពីជំនួបគ្នាបន្ថែមទៀត ដោយបង្ហើបថា “ជួបគ្នាក្នុងពេលឆាប់ៗនេះ”។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានធ្វើការប្រកាសនៅក្នុងប្រទេសថៃ កាលពីដើមថ្ងៃអាទិត្យថា សហសមយុទ្ធអាមេរិកនិងកូរ៉េខាងត្បូង នឹងត្រូវបានផ្អាក នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជំរុញបង្កើនសន្ទុះសន្តិភាពដែលជាប់គាំង៕
ប្រែសម្រួល៖ ប៉ាង កុង