នយោបាយ

Top Hit: សម្តេចតេជោ៖ EU កំពុងមានបញ្ហាជាមួយ ប្រទេសជាសមាជិកអាស៊ាន (វីដេអូ)

ភ្នំពេញ៖ ខណៈសហភាពអឺរ៉ុប (EU) បានចេញរបាយការណ៍បឋម ស្តីពីការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ដោយទុកពេល១ខែឲ្យកម្ពុជា ដើម្បីប្រតិកមម្មឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា EU កំពុងតែមានបញ្ហាជាមួយប្រទេស ជាសមាជិកអាស៊ានជាច្រើនប្រទេសផងដែរ ក្នុងនោះរួមទាំងកម្ពុជាដែរ ។

ប្រទេសដែលសម្តេចតេជោ អះអាងថា មានបញ្ហានោះរួមមាន ៖ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា រួមទាំងកម្ពុជា។ សម្តេចថា មីយ៉ាន់ម៉ាគំរាមប្តឹងលោកស្រី អួង សានស៊ូជី ចំណែក ម៉ាឡេស៊ីសន្យាថា មកទិញដូងប្រេង។ នេះក៏មិនខុសពីកម្ពុជា ដែលEU គំរាមកាត់ផ្តាច់EBA ដែរ ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សកលវិទ្យាល័យធនធានមនុស្សនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ បានថ្លែងថា EU មានបញ្ហាជាមួយម៉ាឡេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ាផង ដូច្នេះក្នុងភាពជាដៃគូជាមួយអឺរ៉ុប កំពុងស្ថិតនៅក្នុងដំណាក់កាលមិនល្អទេ ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “អីចឹងទំនាក់ទំនងរវាងអាស៊ាន និងEU … គឺមានបញ្ហាជាមួយកម្ពុជាផង ជាមួយម៉ាយ៉ាន់ម៉ាផង ជាមួយហ្វីលីពីនផង លើទិដ្ឋភាពសិទ្ធិមនុស្ស។ បញ្ហាជាមួយម៉ាឡេ និងជាមួយឥណ្ឌូនេស៊ី លើទិដ្ឋភាពបរិស្ថាន ដែលថាបន្តទិញដូងប្រេងពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងនាំទៅដល់ការកាប់ព្រៃឈើ ។ ហេតុផលនៅត្រង់ហ្នឹង ។ ចឹងទំនាក់ទំនងដៃគូរវាងអាស៊ាន និងអឺរ៉ុប កំពុងស្ថិតនៅក្នុងស្ថានភាពមិនសូវជាល្អទេ ដែលខាងអឺរ៉ុបចង់ក្លាយជាដៃគូ យុទ្ធសាស្រ្តជាមួយអាស៊ាន ប៉ុន្តែពួកអាស៊ាន បានប្រើភាសាថា បន្តការចរចា ដើម្បីឈានឆ្ពោះទៅរកដៃគូយុទ្ធសាស្រ្ត ប៉ុន្តែយើងនៅតែចរចា អំពីកិច្ចព្រមព្រៀងពិត សេរីរវាងអាស៊ាននិងអឺរ៉ុបដែរ” ។

ទោះបីជាយ៉ាងណាសម្តេចតេជោ បានបញ្ជាក់ពីកម្ពុជាជាមួយEUថា កម្ពុជាមិនមែនយកអ្នកណាម្នាក់មកធ្វើជាសត្រូវទេ ព្រោះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអឺរ៉ុប នាឆ្នាំ២០២០ខាងមុខ។

សម្តេចថា ដើម្បីពង្រឹងភាពជាដៃគូជាមួយ EU គឺមិនទុកខ្លួនឯងនៅក្រោមគំនាបអ្នកណាទេ ហើយក៏មិនអាចយកអធិបតេយ្យភាព ដូរជាមួយជំនួយនោះទេ។

គណៈកម្មការអឺរ៉ុប (EU) បានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
យោងតាមគេហទំព័របស់គណៈកម្មការអឺរ៉ុប បានឲ្យដឹងថា “អនុលោមតាមវិធានមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីគម្រោងអនុគ្រោះពន្ធទូទៅ របស់សហភាពអឺរ៉ុប បច្ចុប្បន្នកម្ពុជា មានរយៈពេល១ខែ ដើម្បីប្រតិកម្ម ចំពោះរបាយការណ៍បឋមនេះ ។ បន្ទាប់មកគណៈកម្មការ នឹងបញ្ចប់របាយការណ៍ និងធ្វើការសំរេចចិត្តនៅខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីថាតើ ត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា ជាបណ្តោះអាសន្ន ឬយ៉ាងណា?” ។

គោលបំណងនៃនីតិវិធីនេះ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេល សហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ។

EU បានលើកឡើងទៀតថា កម្ពុជាគឺជាអ្នកទទួលផលធំជាងគេទី២ នៃ EBA ដែលមានជាង ១៨% នៃការនាំចូលទាំងអស់មកទីផ្សារអឺរ៉ុប ក្រោមគម្រោង EBA ក្នុងឆ្នាំ២០១៨ ។ ការនាំចូលទៅសហភាពអឺរ៉ុបពីកម្ពុជាមានចំនួន ៥,៣ ពាន់លានអឺរ៉ូនៅឆ្នាំ ២០១៨ ដែល ៩៥% នៃទំនិញរួចពន្ធទាំងនោះ បានចូលសហភាពអឺរ៉ុប ទាញយកផលប្រយោជន៍ពីការអនុគ្រោះពន្ធ EBA ។ សម្លៀកបំពាក់ និងវាយនភ័ណ្ឌមានប្រហែល ៣ ភាគ៤ នៃការនាំចូល របស់សហភាពអឺរ៉ុបពីកម្ពុជា (៤ ពាន់លានផោន) ៕

To Top