ព័ត៌មានជាតិ

កងកម្លាំងសង្គ្រោះ របស់កងពលតូចលេខ៧០ ចុះជួយដឹកជញ្ជូនសម្ភារៈ របស់កម្មករ និងពលរដ្ឋ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ និងកម្មកររោងចក្រចំនួន​៦៩៧នាក់ ត្រូវ​បានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ ចុះជួយដឹកជញ្ជូនសម្ភារៈរបស់ខ្លួនពីក្នុងរោងចក្រទៅផ្ទះរបស់ពួកគាត់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ដោយទឹកជំនន់។

តាមរបាយការណ៍របស់លោកឧត្តម​សេនីយ៍ទោ សូយ​ ណា​រិទ្ធ​ មេបញ្ជាការរងកងពលទទួលគ្រប់គ្រងកង សង្រ្គោះមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៤រហូត​មក​ដល់​ថ្ងៃ​១៩ តុលា​ នៅផ្សារព្រែកជ្រៃបានសង្រ្គោះ និងដឹកជញ្ជូនចំនួន​ ១០៣ដង ស្មើ​នឹង​​ប្រជាពលរដ្ឋ​ចំនួន ៦៩៧នាក់។ 

សរុប​​រួមបានសង្រ្គោះ និងដឹកជញ្ជូនចំនួន ១,០៦៩ដង ស្មើ​នឹង​​ប្រជាពលរដ្ឋ​ចំនួន ៥,៤៤១នាក់។ ការដឹកជញ្ជូននេះដែរ បានធ្វេីឡេីងតាមរយៈ​របាយការណ៍​ដែល​ទទួល​បាន​ពីលោកមេបញ្ជាការងកងពល ។ មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​ និងសង្រ្គោះប្រជាពលរដ្ឋគឺប្រេីប្រាស់អូប័រចំនួន​ ១០គ្រឿង និងកម្លាំងប្រមាណ១០០នាក់។

លេីសពីនេះទៅទៀត សម្រាប់​កងកម្លាំង​របស់កងពលតូច លេខ៧០ មិនត្រឹមតែជួយក្នុងពេលមានទឹក​ទឹក​ជំនន់នេះ​ទេ គឺកន្លងមកកម្លាំងបានចុះបេសកកម្មការពារថ្នាក់នាំជួយ សង្រ្គោះពន្លត់អគ្គិភ័យ គ្រោះ​ថ្នាក់​ចរាចរណ៍​ និងបានចូលរួមការងារមនុស្សធម៍ជាច្រេីនទៀតផងដែរ។ 

ក្នុងនោះ លោកឧត្តមសេនីយ៍ឯក​ ម៉ៅ សុផាន់​ មេបញ្ជាការ​កងពល​តូចលេខ៧០ តែងតែ​យកចិត្តទុកដាក់​និងចុះសួរសុខទុក្ខប្រជាពលរដ្ឋជានិច្ច ហេីយក៏បានដាក់បទបញ្ជាភ្លាមៗ នៅពេល​ប្រជាពលរដ្ឋ​មានបញ្ហា ដេីម្បីអន្តរាគមន៍ការលំបាកជូន​ពួកគាត់គ្រប់ពេលវេលា៕

To Top