ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេចនៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជំនួបរវាងសម្តេចតេជោ និងក្រុមប្រតិភូកីឡាករ កីឡាករិនីនាពេលនេះ មិនត្រឹមតែបង្កើនភាពស្និទ្ធស្នាល និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ កីឡាការិនីគ្រប់រូបប៉ុណ្ណោះនោះទេ គឺថែមទាំងផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្តមួយដ៏ពិសេស សម្រាប់អត្តពលិកគ្រប់ប្រភេទកីឡា ក្នុងការពង្រឹងស្មារតី និងឆន្ទៈប្រកួតប្រជែង កាន់តែមុះមុតថែមទៀតផង ៕