ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ចាប់ខ្លួនជនសង្ស័យ ៤៣នាក់ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅស្នាក់ការប៉ូលីស កាលពីសប្តាហ៍មុន

ហ្សាការតា៖ ប៉ូលីសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធ សង្ស័យចំនួន ៤៣ នាក់ ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយ ការវាយប្រហារអត្តឃាតកាលពីសប្តាហ៍មុន នៅឯស្ថានីយ៍ប៉ូលីសដ៏មមាញឹកមួយ នៅក្នុងទីក្រុងធំទី ៣ របស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកនាំពាក្យប៉ូលីសជាតិលោក Dedi Prasetyo បាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនត្រូវបានគេសង្ស័យថា ជាសមាជិកនៃសម្ព័ន្ធក្នុងតំបន់នៃ ក្រុមរដ្ឋអ៊ីស្លាម ដែលត្រូវបានគេស្គាល់ថាជា Jama’ah Anshorut Daulah។ លោកបាននិយាយថា ប៉ូលីសបានរឹបអូសគ្រឿងផ្ទុះ កាំភ្លើង កាំបិត ព្រួញ និងឯកសារពួកជីហាដពីជនសង្ស័យ។

លោក Prasetyo បាននិយាយនៅក្នុងសន្និសីទ កាសែតមួយនៅរដ្ឋធានីហ្សាការតាថា ការចាប់ខ្លួនបានធ្វើឡើង នៅក្នុងខេត្តចំនួន ៧ និងរួមមានមេដឹកនាំក្រុមនេះផងដែរ។

សូមជម្រាបថា ការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ពាក់ព័ន្ធនឹងអ្នកវាយប្រហារតែម្នាក់ឯង នៅក្រុង Medan បាន ធ្វើឲ្យ មនុស្ស ៦ នាក់រងរបួស៕

ប្រែសម្រួលៈ ណៃ តុលា

To Top