ព័ត៌មានអន្តរជាតិ

អាមេរិក នឹងមិនអូសបន្លាយ លើកលែងទណ្ឌកម្មលើទីតាំង នុយក្លេអ៊ែអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងលុបចោល ការលើកលែង ទណ្ឌកម្មរបស់ខ្លួន ពាក់ព័ន្ធទៅនឹងរោងចក្រថាមពល នុយក្លេអ៊ែ Fordow របស់អ៊ីរ៉ង់ ដោយបន្ថែមថា អាមេរិកកំពុងតែ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះការតវ៉ានៅ ក្នុងប្រទេសអ៊ីរ៉ង់ និងមានក្តីព្រួយ បារម្ភជាខ្លាំង ចំពោះរបាយការណ៍ អំពីការស្លាប់។

នៅក្នុងសន្និសីទកាសែតមួយ ស្តីពីទីតាំងនុយក្លេអ៊ែ Fordow ជាទីដែលមន្ត្រីឃ្លាំមើលអាតូមិកអង្គការសហប្រជាជាតិ និយាយថា អ៊ីរ៉ង់កំពុងតែចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមនោះ លោក Mike Pompeo បាននិយាយយ៉ាងដូច្នេះថា “ចំនួនពិតប្រាកដនៃការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់រដ្ឋគាំទ្រ អំពើភេរវកម្មដ៏ធំបំផុតក្នុង ពិភពលោកនោះ គឺសូន្យទទេរ ហើយគ្មានហេតុផលស្របច្បាប់ ដែលអ៊ីរ៉ង់ត្រូវបន្តធ្វើការចម្រាញ់ នៅទីតាំងសម្ងាត់នោះទេ”។

រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏និយាយផងដែរថា “យើងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើប្រកបដោយអំពើហិង្សា ធ្វើឡើងដោយរបបនេះ ប្រឆាំងនឹង ប្រជាជនអ៊ីរ៉ង់ និងមានក្តីព្រួយបារម្ភចំពោះ របាយការណ៍មានការស្លាប់ធ្ងន់ធ្ងរ ហើយសាធារណរដ្ឋឥស្លាម ត្រូវបានបញ្ឈប់អំពើហិង្សា ប្រឆាំងនឹងប្រជាជនខ្លួនឯង និងគួរតែស្តារឡើងវិញនូវសមត្ថភាព ប្រជាជនអ៊ីរ៉ង់ទាំងអស់ ឲ្យអាចប្រើប្រាស់អ៊ីនធឺណេត ដោយសេរីនិងបើកចំហ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top