ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារព្យុះទី១៨ មូឡាវ ដែលមានឥទ្ធិពលលើកម្ពុជា នៅថ្ងៃ២៩ កើនឡើងដល់ ១៦នាក់ហើយ

ម៉ានីល៖ ទីភ្នាក់ងារគ្រោះមហន្តរាយ របស់រដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុងទី១៨ មូឡាវ នៅហ្វីលីពីន បានកើនឡើងដល់ ១៦ នាក់ហើយ ដែលកំពុងមានឥទ្ធិពល មកលើប្រទេសកម្ពុជាយើងផងដែរ។

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រង គ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) បានឲ្យដឹងនៅក្នុងរបាយការណ៍ថា មនុស្ស ២២ នាក់បានរងរបួស និង ៤ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះ បានបោកបក់ប្រទេសហ្វីលីពីន ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ ដោយបានផ្លាស់ទីលំនៅប្រជាជន ជាង ២៤២.០០០ នាក់នៅក្នុងភូមិជាង ១០០០។

NDRRMC បានបន្ថែមថា ប្រជាជនដែលផ្លាស់ទីលំនៅ ជាង ៦៥.០០០ នាក់កំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន ៩១៦ ។

ទីភ្នាក់ងារនេះ បានឲ្យដឹងទៀតថា ខ្យល់ និងភ្លៀងខ្លាំងពីព្យុះទីហ្វុងមូឡាវ បានធ្វើឱ្យខូចខាត យ៉ាងដំណំដល់ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ។ ព្យុះនេះក៏បានបង្ក ឱ្យមានទឹកជំនន់ចំនួន ៦៣ និងការបាក់ដីចំនួន ២២ កន្លែងផងដែរ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ព្យុះទីហ្វុងនេះ ក៏បានធ្វើឱ្យខូចខាតផ្លូវយ៉ាងតិច ១០៥ខ្សែ និងស្ពានចំនួន ២២ ផងដែរ ហើយអ្នកដំណើរ ដែលជាប់គាំងដល់ការដឹកទំនិញ នាវា និងយានយន្តនៅក្នុងតំបន់ ដែលរងផលប៉ះពាល់៕ ដោយ៖ ឈូក បូរ៉ា

To Top