ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី៖ មនុស្សយ៉ាងតិច ២៣០នាក់ ស្លាប់ ដោយសារគ្រោះទឹកជំនន់ និងបាក់ដី នៅតំបន់ភាគកណ្តាល វៀតណាម

បរទេស៖ លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៣០ នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់និងការបាក់ដីដែ លបង្កឡើងដោយព្យុះនិងភ្លៀងយ៉ាងខ្លាំង នៅតំបន់ភាគកណ្តាលប្រទេសវៀតណាមក្នុងខែនេះ។ 

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ហ្វុក បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលមួយស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះថា គ្រោះមហន្តរាយធម្មជាតិនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម បានបង្កការខូចខាតយ៉ាងខ្លាំងដល់ទាំងជីវិតនិងទ្រព្យសម្បត្តិ។ ក្នុងចំណោមអ្នកស្លាប់និងរបួសមានមន្ត្រីយោធានិងមន្ត្រី។

លោកបន្តថា « ប្រជាជនរបស់យើងជាច្រើនដែលយើងមិនបានរកឃើញនៅតែបាត់ខ្លួននៅសមុទ្រ ឬត្រូវបានកប់នៅលើតំបន់ភ្នំ»។

លោកបានកត់សម្គាល់ថា សហគមន៍ជាច្រើនបានបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋនៅកណ្តាលប្រទេសវៀតណាម៕

ប្រែសម្រួលៈ ណៃ តុលា

To Top