អត្ថបទ

ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជោរៃភ្នំពេញ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈមានតម្រូវការឈាមខ្ពស់

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត តូច ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈដែលតម្រូវការឈាម ក្នុងមួយថ្ងៃៗនៅតែមានការកើនឡើង ។

មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យជោរៃភ្នំពេញ ដែលចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ ជាក់ស្ដែងដូចកម្មវិធីដែលបានបង្កើតឡើង ដែលមានឈ្មោះថា «ទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស» ។ មន្ទីរពេទ្យជោរៃភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ដែលសហការដោយមន្ទីរពេទ្យជោរៃភ្នំពេញ នៅថ្ងៃទី១៩ វិច្ឆិកានេះលោកវេជ្ជបណ្ឌិត តូច ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យជោរៃភ្នំពេញ រៀបចំកម្មវិធីបរិច្ចាគឈាម២ដង ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ។ នេះជាលើកទី៨​ ហើយដែលមន្ទីរពេទ្យជោរៃ បានធ្វើកម្មវិធីបរិច្ចាគឈាម ដោយលើកទី១ មានអ្នកចូលរួម ៦០នាក់ លើកទី២ មាន ៧០នាក់ លើកទី៣ មាន៨០នាក់ លើកទី៤ មានជាង១០០នាក់ លើកទី៥ ជាង១០០នាក់ លើកទី៦ ក៏មានជាង ១០០នាក់ និងលើកទី៧ ក៏មានជាង ១០០នាក់ដែរ។ អ្នកចូលរួមបរិច្ចាកឈាមនេះ មានថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យជោរៃ សណ្ឋាគារសុខាភ្នំពេញ និងសូគីមិច ។

លោកវេជ្ជបណ្ឌិតបន្តថា នេះជាលើកទី២ហើយ ដែលលោកបានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។ លោកក៏បានអំពាវនាវ ឲ្យពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះឈាមមួយប្លោក អាចជួយសង្គ្រោះអ្នកជំងឺ និងអ្នករងគ្រោះបានម្នាក់ ។ ការបរិច្ចាគឈាមនេះ គឺពុំមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពទេ តែផ្ទុយទៅវិញ គឺជួយឲ្យមានសុខភាពល្អ ។

ក្នុងឱកាសនោះដែរ អនុប្រធានការិយាល័យបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោក ខៃ សុខហេង បានលើកឡើងថា បញ្ហាឈាមមិនមែនជាបញ្ហា របស់ក្រសួងសុខាភិបាល ឬមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែមួយទេ គឺជាបញ្ហាទាំងអស់គ្នា ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។ លោកថា ជាការពិតណាស់ បើតាមទិន្នន័យដែលបានកត់ត្រាទុក ជារៀងរាល់ឆ្នាំ សង្កេតឃើញថា ជារៀងរាល់ឆ្នាំគឺតម្រូវការឈាម មានការកើនឡើង ថ្វីត្បិតតែមានការចូលរួម បរិច្ចាគឈាមច្រើនក៏ដោយ ។

លោកបន្ថែមថា បើគិតជាតួលេខរួមមានប្រហែល ២៥% នៃប្រជាជនទូទាំងប្រទេសកម្ពុជា បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ។ ឆ្លៀតក្នុងឱកាសនេះ លោក ខៃ សុខហេង ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ប្រកបដោយមនុស្សធម៌ ព្រោះជាកាយវិការមួយដ៏ថ្លៃថ្លា គួរឲ្យគោរពបំផុត ។

លោកថ្លែងថា បើគ្មានឈាមបម្រុងទុក ហើយចាំដល់ពេលមានក្រុមគ្រួសារឈឺ ទើបបរិច្ចាគនោះ នឹងធ្វើឲ្យការសង្គ្រោះអ្នកជំងឺមានការយឺតយ៉ាវ ព្រោះកាលណាបាត់បង់ឈាមលើសពី ៣០% ឡើងទៅ ហើយបើគ្មានការចាក់បញ្ជូលឈាម ភ្លាមៗទេគឺពិបាកជួយសង្គ្រោះណាស់ ។

សូមរំលឹកថា ឆ្នាំ២០១៧ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលអំណោយឈាមចំនួន ៧៦៥១១ប្លោក នៅទូទាំងប្រទេស។ ដោយឡែកឆ្នាំ២០១៨ អំណោយឈាមដែលទទួល និងផ្គត់ផ្គង់ឲ្យអ្នកជំងឺ មានចំនួន៨៣៩៨៤ប្លោក នៅទូទាំងប្រទេស ក្នុងនោះមជ្ឈមណ្ឌលជាតិភ្នំពេញ មានរហូតដល់ ៥៨៣៧៩ប្លោក ៕

To Top