តៃយួន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរក្នុងស្រុក បាននិយាយឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សចំនួន១៥នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតបានរងរបួស នៅក្នុង ពេលដែលមានករណីផ្ទុះ ឧស្ម័នចេញពីអណ្តូងរ៉ែមួយកន្លែង នៅខេត្តសានស៊ី ភាគខាងជើងនៃប្រទេសចិន ។
ការស៊ើបអង្កេតបានបង្ហាញថា ក្រុមកម្មករអណ្តូងរ៉ែចំនួន៣៥នាក់កំពុងធ្វើការនៅក្រោមដី នៅឯអណ្តូងរ៉ែ នៅតំបន់ Pingyao នៅគ្រាដែលមានករណី ផ្ទុះដ៏កក្រើកកើតឡើង នៅវេលាម៉ោង១និង៥០នាទីយប់ កាលពីថ្ងៃចន្ទ ។ នេះបើតាមការអះអាង របស់រដ្ឋបាលសុវត្ថិភាព អណ្តូងរ៉ែប្រចាំនៅខេត្តសានស៊ី បានបញ្ជាក់ដូច្នេះ ។ កម្មករអណ្តូងរ៉ែចំនួន១១នាក់ បានរត់គេចចេញពីកន្លែងកើតហេតុ ។
លោក Shen Xuping នាយកទទួលបន្ទុកកិច្ចការស៊ើបអង្កេតនៃរដ្ឋបាលសុវត្ថិភាពអណ្តូងរ៉ែប្រចាំនៅខេត្តសានស៊ី បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីព្រឹកថ្ងៃអង្គារនេះថា “វាជាគ្រោះថ្នាក់មួយនៃសុវត្ថិភាពផលិតកម្មដែលបង្កឡើងដោយសកម្មភាពផលិតកម្ម ដែលមិនស្របច្បាប់ និងតាមគោលការណ៍នានា ដែលបង្ហាញឲ្យឃើញពីបញ្ហានានាដែលពាក់ព័ន្ធនឹង ក្រុមហ៊ុន ដូចជា ខ្វះការយល់ដឹងទៅលើផ្នែកច្បាប់ និងការ គ្រប់គ្រងនៅពេលមានភាពវឹកវរកើតឡើង” ។
លោក Shen បានបញ្ជាក់ថា មូលហេតុដែលបង្កគ្រោះថ្នាក់ កំពុងស្ថិតនៅក្នុង ការស៊ើបអង្កេតនៅឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា