ភ្នំពេញ ៖ តាមរយៈលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញលោក វិកទ័រ អកបាន (Viktor Orban) នាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សនកិច្ចផ្លូវការ នាពេលសមស្របខាងមុខ ។
ក្នុងជំនួបជាមួយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី នារសៀលថ្ងៃទី៣ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការគោរព និងផ្ដាំផ្ញើសួរសុខទុក្ខ ជូនចំពោះនាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រី ។ ហើយឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានស្នើសុំ និងអញ្ជើញលោកនាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសណាមួយ នាពេលខាងមុខផងដែរ ។
ក្នុងឱកាសនោះ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានមានប្រសាសន៍ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថាដំណើរទស្សនកិច្ច របស់លោកមកកាន់ ប្រទេសកម្ពុជា នាពេលនេះ គឺ ទី១) ដើម្បីអបអរសាទរ ចំពោះខួបលើកទី៦៧ នៃបុណ្យឯករាជ្យជាតិ របស់ប្រទេសកម្ពុជា ទី២) គឺដើម្បីពាំនាំ នូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រី និង ទី៣) ដើម្បីពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវគម្រោង អភិវឌ្ឍន៍មួយចំនួនដូចជា ទី១) គម្រោងទឹកស្អាត និងចំរោះទឹក ទី២) គម្រោងបច្ចេកវិទ្យា (IT) និងទី៣) គម្រោងកសិដ្ឋានចិញ្ចឹមសត្វ និងសត្តឃាត និងទី៤)គម្រោងកសិកម្ម និងនេសាទ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់នាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រី ហើយសម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋហុងគ្រី ដែលបានជួយមកដល់កម្ពុជាកាលពីជាង៤០ឆ្នាំមុន ក្នុងការកសាងប្រទេសឡើងវិញ ពីបាតដៃទទេ បន្ទាប់ពីកម្ពុជាងើបពីសង្គ្រាម ៕