អត្ថបទ

TikTok បង្កើតការប្រកួត «អ្នកបង្កើតទំនោថ្មី» ជាមួយនឹងរង្វាន់សរុប ៤០,០០០ដុល្លារ

TikTok បានប្រកាសស្វែងរក អ្នកជំនាញផ្នែកទីផ្សារ ក៏ដូចជាភ្នាក់ងារ ទីផ្សារអាជីពនានា ដើម្បីចូលរួម នៅក្នុងការប្រកួត ដែលមានឈ្មោះថា «អ្នកបង្កើតទំនោថ្មី» ឬ «TikTok Trendsetter creative competition» ។ 

ជ័យលាភី នឹងទទួលបានរង្វាន់ ដែលមានតម្លៃសរុបជាទឹកប្រាក់ រហូតដល់ ៤០,០០០ដុល្លារ ព្រមទាំងការជួបពិភាក្សា ជាមួយនឹងមន្ត្រីជាន់ខ្ពស់ ផ្នែកទីផ្សារជំនួញ ពិភពលោក របស់ TikTok ។ 

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ TikTok  ដែលជាកម្មវិធីបង្កើតវីដេអូខ្លីៗ​នៅលើទូរស័ព្ទដៃដ៏ឈានមុខគេ​បានប្រកាសស្វែងរក​អ្នកជំនាញផ្នែកទីផ្សារ​និងអ្នកច្នៃប្រឌិតអាជីព​ក៏ដូចជា​ភ្នាក់ងារផ្នែកទីផ្សារ​នៅទូទាំងតំបន់​អាស៊ីអាគ្នេយ៍​ដើម្បីចូលរួម​ ​នៅក្នុងការប្រកួត «អ្នកបង្កើតទំនោថ្មី»។ 

ការប្រកួត «អ្នកបង្កើតទំនោថ្មី» នេះនឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងគោលបំណង ជម្រុញឲ្យ អ្នកជំនាញទីផ្សារទាំងអស់ ប្រើប្រាស់សក្តានុពលរបស់ TikTok ឲ្យអស់ពីសម្ថតភាព ដើម្បីស្វែងរក ដំណោះស្រាយដ៏ល្អបំផុត ចំពោះបញ្ហាប្រឈម ផ្នែកទីផ្សារ នាពេលបច្ចុប្បន្ន។ 

Ng Chew Wee ប្រធានផ្នែកទីផ្សារជំនួញ របស់ TikTok  បានឲ្យដឹងថា៖ «អ្នកគ្រប់គ្នាសុទ្ធតែបានដឹង ពីឥទ្ធិពលរបស់ TikTok។TikTok គឺជាកម្មវិធីកំសាន្តថ្មី ដែលអាចឲ្យអ្នកជំនាញខាងទីផ្សារ ប្រាស្រ័យទាក់ទងជាមួយ នឹងអតិថិជន ឬអ្នកប្រើប្រាស់ នៅក្នុងបរិបទ ដែលរីករាយស្រស់ស្រាយ និងរស់រវើក។ ហេតុដូច្នេះហើយ បានជាយើងអញ្ញើញអ្នកជំនាញ ទីផ្សារទាំងអស់ ឲ្យមកចូលរួមនៅក្នុងការប្រកួត ដើម្បីស្វែងយល់ និងទទួលបានគំនិត ក្នុងការដោះស្រាយ បញ្ហាប្រឈមទីផ្សារ ដែលពួកគេកំពុងជួបប្រទះ»។ 

ការប្រកួត «អ្នកបង្កើតទំនោថ្មី» មានរយៈពេល៦សប្តាហ៍ និងត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន៖

១ សម្រាប់បុគ្គល៖ បុគ្គលម្នាក់ៗ ដែលជាបេក្ខជន តម្រូវឲ្យធ្វើវីដេអូខ្លីមួយ ដែលឆ្លើយតបនឹងបញ្ហាទីផ្សារ របស់សហគ្រាសខ្នាតតូច និងមធ្យម ទំនិញពេញនិយម ((FMCG)) និងរដ្ឋាភិបាល។

២ សម្រាប់ភ្នាក់ងារទីផ្សារ៖ អ្នកចូលរួមតម្រូវឲ្យ ផ្ញើសាច់រឿងវីដេអូ (storyboard)  អោយបានយ៉ាងហោចណាស់​ ៤រឿង​ ផែនការសារព័ត៌មាន និងវីដេអូដែលឆ្លើយតប ទៅនឹង​បញ្ហាទីផ្សារ ទាក់ទង​នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ​ វិស័យយានយន្ត​​ និងវិស័យទូរគមនាគមន៍

៣ សម្រាប់យុទ្ធនាការ ដែលមានស្រាប់៖ យុទ្ធនាការនានា ដែលមានរួច ក៏អាចចូលនៅ ក្នុងការប្រកួតបានដែរ

បេក្ខជនទាំងអស់ ត្រូវផ្ញើវីដេអូ សាច់រឿងរបស់ពួកគេ ឲ្យបានមុនថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ហើយការបោះឆ្នោតជ្រើសរើស គំនិតដែលមាន ភាពច្នៃប្រឌិតជាងគេ នឹងធ្វើឡើង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ 

គណៈកម្មការ សម្រាប់ការប្រកួតនេះ គឺជាប្រធាន បុគ្គលិកជាន់ខ្ពស់ និងអ្នកផលិតវីដេអូល្បីៗ របស់ TikTok ហើយលទ្ធផលនឹងត្រូវបាន ប្រកាសនៅថ្ងទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ 

គណៈកម្មការរួមមាន៖

• Ng Chew Wee ប្រធានផ្នែកទីផ្សារជំនួញ TikTok

• Katie Puris នាយកគ្រប់គ្រងផ្នែកទីផ្សារជំនួញ TikTok

• Dianchen Yao ប្រធានផ្នែកដំណោះស្រាយអតិថិជន TikTok ប្រចាំអាស៊ីអាគ្នេយ៍

• Nguyen Dinh Toan នាយកប្រតិបត្តិរងជាន់ខ្ពស់ របស់ Marketing at Suntory Pepsico ប្រចាំប្រទេសវៀតណាម

• Sutirapan Sakkawatra ប្រធានផ្នែកទីផ្សារនៃធនាគារ Siam Commercial Bank

• Roberto Saputra មន្ត្រីជាន់ខ្ពស់ផ្នែកម៉ាកយីហោ នៃក្រុមហ៊ុន Smartfren Telecom

• Jeff Cheong នាយកប្រតិបត្តិរងនៃ DDB Group Singapore និងអគ្គនាយកនៃ Tribal Worldwide Asia 

• Maryzyle Fernadez Galinato នាយកផ្នែកច្នៃប្រឌិតនៃ Hakuhodo Saigon

• Pingkan Rarumangkay នាយកផ្នែកច្នៃប្រឌិតនៃ Wunderman Thompson Indonesia

• Tay Guan Hin មន្ត្រីជាន់ខ្ពស់ផ្នែកច្នៃប្រឌិតនៃ BBDO Singapore

• Sompat Trisadikun មន្ត្រីជាន់ខ្ពស់ផ្នែកច្នៃប្រឌិតនៃ The Leo Burnett Group and Publicis Group ប្រចាំប្រទេសថៃ

ជ័យលាភីទាំងក្នុងតំបន់ និងក្នុងស្រុក នឹងត្រូវបានជ្រើសរើស ទៅតាមប្រភេទ នៃការប្រកួតនីមួយៗ។ ភ្នាក់ងារដែលជាអ្នកចូលរួម នឹងមានឱកាស ឈ្នះរង្វាន់ ដែលតម្លៃសរុប ជាទឹកប្រាក់ រហូតដល់ ៤០,០០០ដុល្លារ។ សម្រាប់បេក្ខជន ដែលជាអ្នកចូលរួម ក៏នឹងទទួលបានឱកាស ជួបពិភាក្សាជាមួយ នឹងមន្ត្រីជាន់ខ្ពស់ ផ្នែកទីផ្សារជំនួញពិភពលោក របស់ TikTok ។

យោងទៅតាម ការស្រាវជ្រាវ របស់ Kantar research បានបង្ហាញឲ្យឃើញថា ដើម្បីទទួលបានការឆ្លើយតប ពីទស្សនិកជន វាពិតជាមាន សារៈសំខាន់ណាស់ ក្នុងការស្វែងយល់ពី TikTok និងអ្នកប្រើប្រាស់ ទៅតាមលក្ខខណ្ឌ របស់ពួកគេ។ TikTok បានរៀបចំសិក្ខាសាលា ច្នៃប្រឌិតដោយសហការ ជាមួយនឹងដៃគូ BBDO Singapore នៅថ្ងៃទី២៤ និង២៦ ខែវិច្ឆិកា លើប្រព័ន្ធអ៊ីនធើណេត ដែលអ្នកគ្រប់គ្នា អាចចូលរួម បានតាមរយៈ https://www.tiktok-trendsetter.com/  ើម្បីពង្រីកការប្រើប្រាស់ TikTok ។

ដើម្បីចុះឈ្មោះចូលរួម នៅក្នុងការប្រកួត ស្វែងយល់ពីរបៀបប្រកួត និងការអនុវត្តន៍ ដែលល្អនិងមានគំនិតច្នៃប្រឌិត សូមចូលទៅកាន់ តំណភ្ជាប់នេះ https://www.tiktok-trendsetter.com/

To Top