ព័ត៌មានជាតិ

ប្រធានស្ថាបនិក ICAPP ចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាវីរៈជនគំរូមួយរូបចំពោះការដឹកនាំនៅកម្ពុជា

ភ្នំពេញ : លោក Jose de Venecia ប្រធានស្ថាបនិកសន្និសីទ អន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) បានសម្ដែងការកោតសរសើរនិង ចាត់ទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាវីរជនគំរូមួយរូបដែលដឹកនាំ កម្ពុជា ឲ្យមានសុខសន្តិភាព និងមានការរីកចម្រើនលេី គ្រប់វិស័យ។ នេះបេីយោង តាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេច តេជោ ហ៊ុន សែន ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៩វិច្ឆិកា នេះលោក ប្រធានស្ថាបនិក (ICAPP) បានថ្លែងអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូបលោក នឹងគណប្រតិភូ និងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នេះ។ លោក បានកោតសរសើរ ចំពោះការដឹកនាំ របស់សម្ដេចតេជោ ដែលបានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោក ក៏បានកោតសរសើរ សម្តេចតេជោដែលដឹកនាំ កម្ពុជាឲ្យមានសុខសន្តិភាព និងមានការរីកចម្រើន ធ្វើឲ្យកម្ពុជាជាប្រទេសគំរូមួយ ដែលមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី មានរដ្ឋាបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយ ហើយប្រតិភូទាំងអស់ បានចាត់ទុកសម្ដេច ជាវីរៈជនគំរូមួយរូប ចំពោះការដឹកនាំនៅកម្ពុជា។

លោក Jose de Venecia បានជម្រាបជូនសម្ដេចតេជោ ដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំក្រោយ នឹងមានការប្រារព្ធខួប ២០ឆ្នាំ របស់ ICAPP ក្នុងន័យនេះលោក បានអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិក នៃការបង្រួបបង្រួមជាតិនៅកម្ពុជា ដើម្បីចូលរួមថ្លែងសន្ទរកថា ដែលធ្វើឡើង នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសន្យាថា នឹងអញ្ជើញទៅចូលរួម ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ នេះ ដើម្បីចូលរួម ថ្លែងសន្ទរកថាគន្លឹះមួយ បង្ហាញអំពីបទពិសោធន៍ ក្នុងការដឹកនាំប្រទេសពីសង្គ្រាម ហែកហួរ ពីប្រទេសខ្ទេចខ្ទាំ ដល់កម្រិតសូន្យ មកជាប្រទេសមានសុខសន្តិភាព មានការរីកចម្រើន លើគ្រប់វិស័យនាពេលសព្វថ្ងៃ៕

To Top