ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយៈពេល៤ថ្ងៃ កន្លងមកនេះ ទាំងសម្តេចផ្ទាល់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតីឡើយគឺមានសភាពធម្មតាដូចពេលមុន ថ្ងៃទី៣វិច្ឆិកា២០២០ដដែល។នេះបើយោងហ្វេសប៊ុកផេករបស់សម្ដេចតេជោ។
សម្តេចតេជោ បានបន្តថា តែទោះយ៉ាងនេះក្តី សម្តេចនៅតែត្រូវបន្តការធ្វើចត្តាឡីស័ក និងការធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។
សម្ដេចក៏បានអោយដឹងផងដែរថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រុមគ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២។ ជាមួយគ្នានោះ សម្តេចតេជោ សង្ឃឹមថានឹង អវិជ្ជមានបន្តទៀត។
ឆ្លៀតឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងជិត៩០០នាក់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រី បន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តឲ្បានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះបងប្អូនជនរួមជាតិដែលចូលរួមកង្វល់អំពីសុខភាពសម្តេច និងជូនពរដល់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត ក៏ដូចជាមន្ត្រីរួមការងារជាមួយ៕