បរទេស៖ គណៈអភិបាលកិច្ចមួយនៅទីភ្នាក់ងារ ផ្នែកអាកាសចរណ៍របស់អង្គការសហប្រជាជាតិ បានជំរុញប្រទេសអ៊ីរ៉ង់ ឲ្យពន្លឿនការស៊ើបអង្កេតចំពោះករណីធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន កាលពីខែមករា ស្របពេលដែលមន្ត្រីអ៊ីរ៉ង់និយាយថា របាយការណ៍ចុងក្រោយស្តីពីគ្រោះថ្នាក់នោះ នឹងត្រូវចែករំលែកក្នុងពេលឆាប់ៗនេះ។
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ តាមសេចក្តីរាយការណ៍ បាននិយាយថា សមាជិករបស់ក្រុមប្រឹក្សាមានប្រទេសចំនួន៣៦ បានចេញសំណើ ក្នុងរយៈពេលជិត១០ខែបន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិរបស់អ៊ុយក្រែនមួយគ្រឿង ត្រូវគេបាញ់ទម្លាក់ ដោយប្រើមីស៊ីលវាយប្រហារពីដីទៅអាកាស របស់អ៊ីរ៉ង់ សម្លាប់មនុស្ស១៧៦នាក់។
យោងតាមអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ប្រធានក្រុមប្រឹក្សា លោក Salvatore Sciacchitano បាននិយាយប្រាប់កិច្ចប្រជុំមួយរបស់គណៈកម្មាធិការដូច្នេះថា “យើងនាពេលថ្មីៗនេះទើបបានធ្វើការផ្លាស់ប្តូរយោបល់គ្នាមួយចំនួន ជាមួយទីភ្នាក់ងារអ៊ីរ៉ង់ CAA ហើយយើងបានជំរុញអាជ្ញាធររបស់វា ឲ្យពន្លឿនធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនោះ”៕
ប្រែសម្រួល៖ប៉ាង កុង