ភ្នំពេញ ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ផលិតករកម្ពុជា ត្រូវខិតខំ អភិវឌ្ឍផលិតផលឲ្យបានច្រើនមុខ សម្រាប់បម្រើទីផ្សារ ដោយផ្តោតការយកចិត្តទុកដាក់ លើគុណភាព ផលិតផល សោភ័ណភាព សុវត្ថិភាព ការវេចខ្ចប់ និងតម្លៃសមរម្យ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ នៅក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈួន ដារ៉ា បានថ្លែងថា ទោះបីឋិតក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិកូវីដ-១៩ក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានខិតខំបំពេញការងារយ៉ាងសកម្ម ដូចជា បានចរចាបើកទីផ្សារជាមួយប្រទេសដៃគូពាណិជ្ជកម្ម ហើយថ្មីៗនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលជាឱកាសសម្រាប់ទំនិញកម្ពុជា ជ្រៀតចូលទីផ្សារអន្តរជាតិបានកាន់តែច្រើនឡើង។
លោកបញ្ជាក់យ៉ាងដូច្នេះ «សូមអំពាវនាវដល់ផលិតករកម្ពុជាត្រូវខិតខំអភិវឌ្ឍផលិតផល ឲ្យបានច្រើនមុខ បន្ថែមទៀតសម្រាប់បម្រើទីផ្សារ ដោយផ្តោតលើការយកចិត្តទុកដាក់លើគុណភាពផលិតផល សោភ័ណភាព សុវត្ថិភាព ការវេចខ្ចប់ និងត្រូវមានតម្លៃសមរម្យ ទើបអាចចូលរួមប្រកួតប្រជែងជាមួយទំនិញបរទេសបាន»។
ឆ្លៀតឱកាសនោះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានផ្តាំផ្ញើដល់មន្រ្តីនៃមន្ទីរពាណិជ្ជកម្មទាំងអស់ ត្រូវសកម្មចំពោះការងារ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញដទៃទៀត ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានមានលក្ខណៈប្រសើរឡើងពីមួយជំហាន ទៅមួយជំហាន៕