បរទេស៖ រដ្ឋមន្ត្រីនានារបស់ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានសម្តែងការអបអរសាទរចំពោះលោក ចូ បៃដិន ក្រោយបណ្ដាញផ្សព្វផ្សាយព័ត៌មានធំៗ បានប្រកាសថា លោកជាអ្នកឈ្នះការបោះឆ្នោតជ្រើសប្រធានាធិបតីអាមរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ និងបានបង្ហាញនូវក្តីសង្ឃឹមថា នឹងមានការចាប់ផ្តើមថ្មីនិងការធ្វើឲ្យប្រសើរឡើង ក្នុងចំណងមិត្តភាពអន្តរអាត្លង់ទិក ដែលមានការជាប់គាំងធ្ងន់ធ្ងរ ដោយសារអ្នកកាន់តំណែងមុនរបស់លោក។
នៅលើបណ្ដាញសង្គមធ្វីតធ័រ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Olaf Scholz បានមានប្រសាសន៍ថា “សូមចូលរួមអបអរសាទរ លោកប្រធានាធិបតីជាប់ឆ្នោតថ្មី។ ឥឡូវនេះ មានឱកាសសម្រាប់ទំព័រដ៏គួរឲ្យរំភើបថ្មី នៅក្នុងចំណងមិត្តភាពអន្តរអាត្លង់ទិក ហើយសហរដ្ឋអាមេរិក នៅតែជាដៃគូដ៏សំខាន់បំផុតនិងជិតស្និទ្ធបំផុតរបស់អឺរ៉ុប”។
ចំណែករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas ក៏បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រផងដែរថា យើងទន្ទឹងរង់ចាំធ្វើការងារជាមួយរដ្ឋបាលអាមេរិកថ្មី។ យើងចង់ធ្វើការវិនិយោគនៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើង សម្រាប់ការចាប់ផ្តើមអន្តរអាត្លង់ទិកជាថ្មី និងកិច្ចព្រមព្រៀងថ្មី”៕
ប្រែសម្រួល៖ប៉ាង កុង