ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗ ៦ចំណុច របស់លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់, ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

បុត្រាច្បងសម្តេចតេជោ បានលើកឡើងនូវចំណុចសំខាន់ៗ ចំនួន ៦។

១. ដោយបានទទួលការណែនាំ និងការប្រគល់ភារកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការប្រសិទ្ធពរជ័យរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ហើយក៏សូមចូលរួមសម្តែងនូវការសោកស្តាយ និងមរណទុក្ខចំពោះការខាតបង់ទ្រព្យសម្បត្តិ ផលដំណាំ និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ដោយសង្ឃឹមថា គ្រោះធម្មជាតិដ៏លំបាកលើកនេះ នឹងកន្លងផុតទៅ ទុក្ខឱកាសឱ្យប្រជាពលរដ្ឋបានស្តារកសាងជីវភាពនៅឱ្យមានភាពល្អប្រសើរឡើងវិញ។

២. ជានិច្ចជាកាល សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាប់ជានិច្ច និងចង់ជួបប្រជាពលរដ្ឋផ្ទាល់ ហើយប្រជាពលរដ្ឋក៏ចង់ជួបសម្តេចផ្ទាល់ដូចគ្នា។ ប៉ុន្តែលើកនេះ ទោះបីសម្តេចមិនអាចមកចូលរួមបាន ដោយសារការអនុវត្តវិធានការចត្តាឡីស័ក ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ប៉ុន្តែសម្តេចបានចាត់ទុកការយកស្បៀង និងស្រូវពូជចែកជូនប្រជាពលរដ្ឋ គឺជាការងារចាំបាច់ដោយមិនអាចពន្យាពេលបាន ពីព្រោះផលប្រយោជន៍ និងជីវភាពប្រជាពលរដ្ឋ គឺសំខាន់ និងជាអាទិភាពចាំបាច់ណាស់។ ចំពោះកម្មវិធីនេះ សូមអរគុណក្រុមការងារទាំងអស់ ក៏ដូចជាអាជ្ញាធរខេត្តដែលខិតខំរៀបចំសម្របសម្រួលប្រជាពលរដ្ឋដែលមានរហូតដល់ជាង ១៧,០០០ គ្រួសារ សរុបទាំងពីរគោលដៅ។ 

៣. តាំងពីដំណាក់កាលដំបូងនៃគ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញបទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើយ៉ាងណាចេញប្រតិបត្តិការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ដូច្នេះ កងកម្លាំងសរុបគ្រប់ផ្នែកបានចេញ ប្រតិបត្តិការនៅគ្រប់ទីកន្លែងរងគ្រោះបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវឱ្យមានការកៀរគរប្រភពធនធាន ទាំងយន្តការរដ្ឋ និងយន្តការសប្បុរសជន ដើម្បីជាមធ្យោបាយប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះ ជាពិសេសការផ្គត់ផ្គត់ស្បៀង និងសម្ភារៈដល់ប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងមានតម្រូវការបន្ទាប់ ក៏ដូចជាដើម្បីជួយដល់ការងារស្តារឡើងវិញនៅក្រោយវិបត្តិផងដែរ។

៤. នៅចំពោះមុខវិបត្តិគ្រោះទឹកជំនន់នេះ សូមអរគុណចំពោះកម្លាំងមហាសាមគ្គីជាតិរបស់យើង ក្នុងនោះ ទី១. ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះដឹកនាំការងារជាប់រហូត និងគ្រប់ទីកន្លែង។ ទី២. អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលជាកម្លាំងផ្ទាល់នៅមូលដ្ឋាន ដែលបានជួយប្រតិបត្តិការរលឿនក្នុងការជម្លៀសប្រជាពលរដ្ឋចេញទៅរកទីទួលសុវត្ថិភាព។ ទី៣. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ព កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលបានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនេះយ៉ាងពេញទំហឹង និងទី៤. គឺកម្លាំងមនុស្សធម៌ និងស្ម័គ្រចិត្ត ដែលរួមមានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស និងយុវជនគ្រប់មជ្ឈដ្ឋាន ដែលបានរួបរួមកសាងអំពើល្អជួយសង្គ្រោះប្រជាពលរដ្ឋ ក្រោមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ។

៥. ចំពោះបញ្ហាជំងឺកូវីដ-១៩ មកដល់ម៉ោងនេះ ប្រទេសកម្ពុជាយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ ដោយមិនទាន់មានការចម្លងនៅក្នុងសហគមន៍ និងមិនទាន់មានករណីស្លាប់ក្នុងប្រទេស លើកលែងករណីមរណភាពរបស់យោធិនយើងម្នាក់ ដែលបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី។ ទាំងនេះ ក៏ដោយសារ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដាក់ចេញនូវវិធានការទប់ស្កាត់បានល្អ ជាមួយនឹងការចូលរួមរបស់មន្ត្រីសុខាភិបាល និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស។ ប៉ុន្តែយ៉ាងណាក៏ដោយ បញ្ហានៃជំងឺនេះ មិនទាន់ចប់នៅឡើយទេ គឺដូចបណ្តាប្រទេសផ្សេងៗទៀតផងដែរ យើងនៅបន្តមានហានិភ័យ ជាពិសេសបើយើងធ្វេសប្រហែស។ ដូច្នេះ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងបន្តការប្រុងប្រយ័ត្នខ្ពស់។

៦. សូមនាំមកនូវការផ្តាំផ្ញើអរគុណរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលតែងជឿងទុកចិត្តលើការដឹកនាំរបស់សម្តេច និងគាំទ្រគណបក្សប្រជាជនគ្រប់អាណត្តិ ដែលស្តែងឡើងឱ្យឃើញនូវឆន្ទៈចូលរួមថែរក្សាសន្តិភាព ដែលយើងបានស្វែងរកបានដោយលំបាក និងមានពលិកម្មជាច្រើន។ ការថែរក្សាសន្តិភាព គឺជាកិច្ចការសំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា។ សូមបន្តជឿទុកចិត្តលើសម្តេចតេជោ ដើម្បីបន្តដឹកនាំប្រទេសយើង ដើម្បីបន្តការរីកចម្រើនតទៅមុខទៀត។

To Top