ព័ត៌មានជាតិ

លោក​ ហ៊ុន​ ម៉ាណែត​ សម្ពោធសមិទ្ធផលនានា​ នៅវត្តរតនារាម

ភ្នំពេញ៖​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមពិធីសិតព្រះពុទ្ធបដិមា, ពិធីសម្ពោធស្ថានីយ៍​ ផ្សាយបន្តព្រះពុទ្ធឱវាទឈ្នះមារ និងពិធីស្រោចស្រពសុគន្ធវារី ក្នុងវត្តរតនារាម (ហៅវត្តផ្សារកណ្តាល) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩​។

លោក​ ម៉ាណែត​ បានចាត់ទុកថា
ព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់​ ក្នុងការអប់រំសីលធម៌ គុណធម៌ ណែនាំឱ្យធ្វើបុណ្យ ចៀសវាងការប្រព្រឹត្តអំពើបាប ជាពិសេសម្អាតចិត្តឱ្យបរិសុទ្ធ ដែលនាំមកនូវសេចក្តីសុខ និងសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យនេះ ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ដោយបានសាបព្រោះ និងបណ្តុះនូវតម្លៃរួមនៃប្រជាជាតិខ្មែរ គឺសាមគ្គីធម៌ និងធម៌អហិង្សា ដែលសុទ្ធសឹង ជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងភាពសុខដុមរមនានៃសង្គមជាតិ។ សូមចូលរួមអនុមោទនាត្រេកអរចំពោះពិធីសម្ពោធស្ថានីយ៍ផ្សាយបន្តព្រះពុទ្ធឱវាទឈ្នះមារនាពេលនេះ សម្រាប់ការផ្សព្វផ្សាយព្រះធម៌ជាការចែកចំលែកធម្មទាន។ អំពើល្អ គឺសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន តែងតែឈ្នះមារដែលមានចិត្តបាបចង់បំផ្លាញជាតិ ធ្វើឱ្យប្រជាជនរងទុក្ខវេទនា។

លោក​ ហ៊ុន​ ម៉ាណែត​ លេីកឡេីងទៀតថា​ ដូចតំបន់អតីតសមរភូមិមួយចំនួនផងដែរ ក្រោយពេលសង្គ្រាមបានបញ្ចប់ គ្រាប់មីនត្រូវបានបោសសម្អាត ដែលជាការបង្កលក្ខណៈដល់ឱកាសនៃការអភិវឌ្ឍ, ក្រុងប៉ោយប៉ែតមានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ដោយប្រែក្លាយពីតំបន់ប្រឈមមុខគ្នារវាងកម្លាំងប្រដាប់អាវុធ, សំបូរគ្រាប់មីន, មិនសូវមានមនុស្សរស់នៅ, ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ទៅជាតំបន់ដែលមានមនុស្សរស់នៅកុះកររាប់ម៉ឺននាក់ មានវត្តអារ៉ាម សាលារៀន ផ្លូវថ្នល់ ជាពិសេសសក្តានុពលសេដ្ឋកិច្ចដ៏គួរឱ្យទាក់ទាញ បើពិនិត្យទៅលើវត្តមានសណ្ឋាគារ, រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនទៀត។

លោក​ បានរម្លឹកឡេីងវិញថា​ អ្នកនយោបាយមិនស្មោះត្រង់មួយចំនួន ដែលមិនធ្លាប់បានរួមសុខរួមទុក្ខជាមួយប្រជាជន រត់ចោលប្រជាជន ហើយតែងតែរារាំងដល់ដំណើរការនៃការអភិវឌ្ឍជាតិ មិនគួរប្រៀបធៀបការលះបង់របស់ខ្លួនជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មិនដែលខ្លាចការនឿយហត់នោះទេ មួយជីវិតនេះខិតខំតស៊ូបំពេញការងារ និងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន ហើយឈរខាងប្រជាជនជានិច្ច។ បំណងប្រាថ្នាតែមួយគត់របស់សម្តេច គឺមើលឃើញប្រទេសជាតិ និងប្រជាជនរីកចម្រើនសំបូរសប្បាយរុងរឿង។

លោក​ បន្តថា​ នៅក្នុងគ្រប់ប្រទេសទាំងអស់​ នៅលើពិភពលោក ការកសាង និងអភិវឌ្ឍជាតិ ត្រូវតែបន្តធ្វើរហូតឥតអាក់ខានបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនដែលបន្តកើនឡើងឥតឈប់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចគ្នា គឺតែងបានខិតខំប្រឹងប្រែងបន្តកសាង និងអភិវឌ្ឍជាតិទៅមុខ ទោះបីពេលខ្លះជួបឧបសគ្គ ពេលខ្លះលឿន ពេលខ្លះយឺត ប៉ុន្តែសំខាន់បំផុត គឺការតាំងចិត្តមុតមាំ និងស្មោះត្រង់សុច្ចរិត ជាមួយនឹងគោលនយោបាយច្បាស់លាស់ ក្នុងធ្វើដំណើរនាំប្រទេសជាតិឆ្ពោះទៅកាន់គោលដៅដែលប្រជាជនទាំងអស់គ្នាប៉ងប្រាថ្នា។ មិនមានការងារអ្វី ដែលល្អឥតខ្ចោះនោះទេ ក៏ខ្វះខាតខ្វះចន្លោះតែងតែកើតមាន ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការថែរក្សាឱកាសនៃបន្តធ្វើ, បន្តកែលម្អ, និងបន្តអភិវឌ្ឍទៅមុខ។

ក្រៅពីនេះ​ លោកក៨សូមថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមទប់ស្កាត់អំពើឧទ្ទាមខុសច្បាប់ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជនិយម ដើម្បីការពារសន្តិភាព និងស្ថិរភាព ដោយរក្សាបាននូវឱកាសនៃការអភិវឌ្ឍជាតិសម្រាប់អនាគតកូនចៅយើងបន្តទៀត។ ការរួបរួមគ្នានេះ សម្រេចបានក្រោមស្មារតីសាមគ្គីភាព, ស្មារតីស្នេហាជាតិ, ខ្មែរស្រឡាញ់ខ្មែរ ដើម្បីប្រយោជន៍ជាតិខ្មែរ ហើយសូមចូលរួមបន្តស្មារតីទាំងនេះទៅមុខទៀត ក្នុងបុព្វហេតុនិរន្តភាពនៃសន្តិភាពជាតិយើង។

To Top