បរទេស៖ ព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ ជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារ លើការគាំទ្រក្រុមបាតុករ នៅហុងកុង និងព្រមានប្រទេសចិន ប្រឆាំង នឹងការបង្ក្រាបបាតុកម្ម ដោយអំពើហិង្សា ដោយទាញយកការ ស្តីបន្ទោសពីអាជ្ញាធរ នៅក្នុងទីក្រុងប៉េកាំង។
យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានឱ្យដឹងថា នៅថ្ងៃពុធប្រទេសចិន បានរំលឹកឡើងវិញ នូវការគំរាមមួយ ដើម្បីដាក់ការសងសឹក ដែលមិនបានបញ្ជាក់ ប្រសិនបើសេចក្តីព្រាងច្បាប់នេះ ក្លាយជាច្បាប់ និងបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការហុងកុង ។ រដ្ឋាភិបាលទីក្រុងនេះ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះច្បាប់នេះ ដោយនិយាយថា វានឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងហុងកុងនិង សហរដ្ឋអាមេរិក។
ការបោះឆ្នោតនេះបង្ហាញ ពីបញ្ហាប្រឈមដល់រដ្ឋាភិបាល នៅទីក្រុងប៉េកាំង ក៏ដូចជាអាមេរិកនិងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើពិភពលោក ព្យាយាមបិទកិច្ចព្រមព្រៀងបឋម ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ ។ វិធានការរបស់ព្រឹទ្ធសភាអាមេរិកនេះ នឹងតម្រូវឱ្យមានការពិនិត្យឡើងវិញ ប្រចាំឆ្នាំនៃស្ថានភាព ពិសេសរបស់ហុងកុង ក្រោមច្បាប់ របស់សហរដ្ឋអាមេរិក ដើម្បីវាយតម្លៃទំហំ ដែលចិនបានផ្តាច់ស្វ័យភាពរបស់ទីក្រុង។
សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋលោក Marco Rubio មកពីរដ្ឋ Florida ដែលជាអ្នកឧបត្ថម្ភនាំមុខលើសេចក្តីព្រាងច្បាប់ បាននិយាយថា « សហរដ្ឋអាមេរិក បានធ្វើពាណិជ្ជកម្មនិងជំនួញ ជាមួយហុងកុងខុសពីប្រទេស ដែលមានសកម្មភាពពាណិជ្ជកម្ម និងជំនួញជាមួយចិនដីគោក” ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាការខិតខំប្រឹងប្រែង ឥតឈប់ឈររបស់អាជ្ញាធរចិន ដើម្បីលុបបំបាត់ស្វ័យភាព និងសេរីភាពទាំងនោះ” ។
ទីតាំងរបស់ហុងកុង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ត្រូវបានរង្គោះរង្គើរួចទៅហើយ ដោយការតវ៉ារាប់ខែមកនេះ ហើយការឆ្លើយតប របស់ប៉ូលីសចំពោះក្រុមបាតុករ ដែលបានកើតមានអំពើហឹង្សា ។
ច្បាប់នេះកើតឡើងនៅក្នុងពេលវេលា ដ៏លំបាកមួយសម្រាប់ប្រធានាធិបតី ដូណាល់ត្រាំ ខណៈរដ្ឋបាល របស់លោក កំពុងព្យាយាមបញ្ចប់ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរង់ចាំជាយូរមកហើយ ជាមួយប្រទេសចិន ។ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយកាលពីថ្ងៃអង្គារថា វានឹងមានការ លំបាកសម្រាប់សហរដ្ឋអាមេរិក ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយប្រទេសចិន ប្រសិនបើបាតុកម្មនៅហុងកុង ជួបនឹងអំពើហិង្សា៕
ប្រែសម្រួលៈ ណៃ តុលា