បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo តាមសេចក្តីរាយការណ៍ គឺលោកគ្រោងនឹងចាកចេញ ពីតួនាទីជាអ្នកការទូតកំពូលអាមេរិក ដើម្បីទៅឈរឈ្មោះ យកតំណែងព្រឹទ្ធសភា អាមេរិកដែលតំណាងឱ្យរដ្ឋ Kansas នៅឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Pompeo កំពុងពិចារណារក្សាតំណែង ជាប្រមុខក្រសួងការបរទេស អាមេរិក យ៉ាងហោចណាស់ រហូតដល់ដើមនិទាឃរដូវឆ្នាំ ២០២០ ។ នេះបើតាមពេលវេលា បានបែកធ្លាយព័ត៌មាននេះ កាលពីល្ងាចថ្ងៃអង្គារដោយដកស្រង់ប្រភពព័ត៌មានលេចធ្លោចំនួន ៣ នៅក្នុង GOP ដែលដឹងច្បាស់ពីផែនការផ្លូវការ ។
ក្នុងចំណោមមូលហេតុ ដែលនៅពីក្រោយការលាលែង របស់លោក Pompeo អាច ជាការស៊ើបអង្កេតចោទប្រកាន់ ដែលកំពុងបន្តប្រឆាំង នឹងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដែលត្រូវបានគេគិតថា ជាហានិភ័យសម្រាប់មុខមាត់ នយោបាយរបស់លោក ខណៈដែលមានភាពតានតឹង ក្នុងទំនាក់ទំនងផ្ទាល់ខ្លួន របស់លោកជាមួយប្រធានាធិបតីអាមេរិកផងដែរ។
យោងតាមប្រភពព័ត៌មានពីគណបក្ស សាធារណរដ្ឋ ដែលបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ការលាលែងពីតំណែង របស់លោក Pompeo នឹងត្រូវបានសំរេច ដោយសមត្ថភាពរបស់លោក ក្នុងការស្វែងរកច្រកចេញ ដែលអាចធ្វើទៅបានយ៉ាងរលូនបំផុតពីរដ្ឋបាល Trump ។
ទោះជាយ៉ាងណាក៏ដោយ ជំនួយការរបស់លោក Pompeo ត្រូវបានគេរាយការណ៍ថា បានបដិសេធផែនការ របស់លោកក្នុងការលាលែងពីតំណែងនេះ៕
ប្រែសម្រួលៈ ណៃ តុលា