ព័ត៌មានជាតិ

តំណាង ប.ស.ស ១៣រូប ទៅបំពេញទស្សនៈកិច្ច សិក្សា “ប្រព័ន្ធធានារ៉ាប់រង សុខភាពសង្គម” នៅហ្វីលីពីន

ហ្វីលីពីន៖ ក្រោមការចាត់តាំងពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុក ជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) មន្ត្រី នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ចំនួន ១៣រូប បានទៅបំពេញទស្សនៈកិច្ច សិក្សាមួយ ស្តីពី ” ប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម ” នៅប្រទេសហ្វីលីពីន ។

តាមការបញ្ជាក់ប្រាប់ ពីសំណាក់ លោក ស្រិល ស៊ីថាត តំណាង ប.ស.ស. កម្ពុជា បានឱ្យដឹងថា ៖ ការទៅចូលរួមដំណើរទស្សនៈកិច្ច សិក្សាខាលើ មានគោលបំណង ដើម្បីស្វែងយល់ ពីចំណុចសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖

  • សិក្សាអំពីប្រតិបត្តិការ និងការអនុវត្ត នៃប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម របស់អង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន (PhilHealth)
  • ស្វែងយល់អំពីទំនាក់ទំនង រវាងស្នាក់ការកណ្តាល (H-Q) និងការិយាល័យសាខាថ្នាក់តំបន់/ខេត្ត របស់អង្គភាពធានារ៉ាប់ រងសុខភាពហ្វីលីពីន (PhilHealth)
  • ស្វែងយល់អំពីការធ្វើប្រតិភូកម្ម នៃតួនាទី និងភារកិច្ចរបស់ស្នាក់ការកណ្តាល (H-Q) និងការិយាល័យសាខាថ្នាក់តំបន់/ខេត្ត របស់អង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន (PhilHealth) ។

លោកបានបញ្ជាក់បន្ថែមថា៖ ដំណើរទស្សនៈកិច្ចសិក្សាមួយនេះ គឺផ្តល់សារៈសំខាន់ ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរ បទពិសោធន៍ការងារ និងស្វែងយល់ នូវចំណេះដឹងបន្ថែមទៀត ស្តីពីការអនុវត្តវិស័យ សន្តិសុខសង្គមពិភពលោក ដើម្បីយកមកអនុវត្ត របបសន្តិសុខសង្គម នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងភាពល្អប្រសើរ នៃការរៀបចំឱ្យមានកិច្ចសហការ រវាងរបបសន្តិសុខសង្គមកម្ពុជា និងវិស័យសន្តិសុខសង្គម នៃបណ្តាប្រទេសនានា ទូទាំងពិភពលោកផងដែរ។

សូមបញ្ជាក់ថា៖ ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ ខាងលើនេះ ប្រព្រឹត្តទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួម ពីមន្រ្តីជំនាញ តំណាងឱ្យ ប.ស.ស. កម្ពុជា ១៣រូប និងតំណាងកិច្ច សហប្រតិបត្តិការអាល្លឺម៉ង់ ប្រចាំកម្ពុជា សរុបជាច្រើននាក់ផងដែរ ៕

To Top