បរទេស៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកនឹងមិនឲ្យអាមេរិកធ្លាក់ក្នុងការជាប់គាំងដោយសារមេរោគកូរ៉ូណា ប៉ុន្តែបានថ្លែងថា ពេលវេលានឹងប្រាប់ ប្រសិនបើរដ្ឋបាលដទៃនឹងឡើងកាន់អំណាចក្នុងខែមករា ហើយធ្វើបែបនោះ។ នេះគឺហាក់ដូចជាលោកចាប់ផ្តើមទទួលស្គាល់ថា ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានឈ្នះលោក។
ស្របពេលមានករណីឆ្លងថ្មីៗ បង្កឲ្យចំនួនករណីប្រចាំថ្ងៃកើនដល់កម្រិតខ្ពស់នោះ នៅក្នុងសុន្ទរកថាជាសាធារណៈដំបូងរបស់លោក ចាប់តាំងពីលោក បៃដិន ត្រូវបានចាត់ថាជាអ្នកឈ្នះនោះ លោក ត្រាំ បានមានប្រសាសន៍ថា លោករំពឹងថា នឹងមានថ្នាំវ៉ាក់សាំងកូរ៉ូណា សម្រាប់ប្រជាជនទាំងអស់ យ៉ាងយូរនៅក្នុងខែមេសា។
លោក ត្រាំ ក៏បង្ហាញហាក់ទទួលស្គាល់លទ្ធផលឆ្នោតអាមេរិកផងដែរ ដោយនិយាយថា “ពិតណាស់ យើងនឹងមិនឈានទៅរកការជាប់គាំង។ ខ្ញុំនឹងមិនទៅ រដ្ឋបាលនេះនឹងមិនទៅរកភាពជាប់គាំង។ សង្ឃឹមថា អ្វីក៏ដោយនឹងកើតឡើងនៅអនាគត គឺនរណាដឹងថា នឹងជារដ្ឋបាលណានោះ ខ្ញុំទាយថា ពេលវេលានឹងប្រាប់”៕
ប្រែសម្រួល៖ប៉ាង កុង