ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ​ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ ការ​ហ្វឹកហ្វឺន​បានដើរតួនាទី ជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់​ការពារជាតិ

កំពត ៖ ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី​១៩ ខែវិច្ឆិកា​​ ឆ្នាំ​២០២០ បានអញ្ជើញ​ចុះទៅ​សំណេះសំណាល វាយតម្លៃការងារ និងត្រួតពិនិត្យការហ្វឹកហ្វឺន​បណ្តុះបណ្តាលបេីកបរជំនាញ​រថក្រោះ​ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពល​តូច​លេខ​៧០ ខេត្តកំពត។

លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា ការងារ​ហ្វឹកហ្វឺន​បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់​ការពារជាតិ តាមរយៈ​ការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេស​យោធិន​វ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ លោកមេបញ្ជាការបានបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជម្រុញអោយយោធិនមានសមត្ថភាព និងគុណភាពហ្វឹនហ្វឺន បង្កើនសមត្ថភាពដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ និងស្ទាត់ជំនាញ ក្នុង​ការបញ្ជាបាញ់គ្រាប់អោយបានល្អ និងចំគោលដៅ មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សម្ភារ: គ្រឿង​បំពាក់ត្រូវតាមលក្ខណៈបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់តាមភារកិច្ចដែលបានចាត់តាំងរបស់កងយោធពលខេមរភូមិន្ទប្រកបដោយភាពទទួលខុសត្រូវជានិច្ច។

ក្នុង​នោះ​ដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ មេបញ្ជាការ​កងពល​ ក៏បាន​ផ្តាំផ្ញេីនូវការសួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក ជាពិសេស​នាំនូវពាក្យសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​តែងតែ​គិត​គូរ​ និងយកចិត្តទុកដល់កងកម្លាំង ក៏ដូចសិក្ខាកាម និងយោធាចារ្យទាំងអស់ ដែលបាននឹងកំពុងហ្វឹកហាត់រៀនសូត្រ។ លោកមេបញ្ជាការ​កងពល​ ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ មាន​ដូច​ជា៖​ គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​ភេសជ្ជៈ​ និងថវិកាផងដែរ។

To Top