បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនការពារជាតិស៊ុយអែតឈ្មោះ Saab AB បានរាយការណ៍ថា ប្រទេសអារ៉ាប់រួម បានត្រៀមទិញយន្តហោះប្រណីតប្រភេទ GlobalEye ចំនួន ២ បន្ថែមទៀត ក្នុងតម្លៃប្រមាណ ១ ពាន់លានដុល្លារ ដោយនាំឱ្យប្រទេសនេះ ក្លាយជាប្រទេសតែមួយគត់ ដែលមានយន្តហោះ GlobalEye ចំនួន ៥គ្រឿង ក្នុងលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅមុនការចរចាផ្លូវការចុងក្រោយ លោក Micael Johansson ដែលជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Saab បានជូនដំណឹងដល់អ្នកចូលរួមនៃកម្មវិធី Dubai Airshow កាលពីថ្ងៃអង្គារថា ប្រទេសអារ៉ាប់រួមត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយដែលមានតម្លៃរាប់ពាន់លានដុល្លារ សម្រាប់យន្តហោះ GlobalEye ដែលមានមូលដ្ឋាននៅទីក្រុង Stockholm ។
ដោយនិយាយអំពីកិច្ចព្រមព្រៀង ដ៏មានសក្តានុពលនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Defense News នៅថ្ងៃទី ១៩ ខែវិច្ឆិកា លោក Johansson បាននិយាយថា «ខ្ញុំគិតថាវាអស្ចារ្យណាស់។ វាបង្ហាញពីការជឿ ទុកចិត្តលើពួកយើង។ យើងដឹងថា យើងពិតជាខិតទៅកៀកជាមួយ នឹងកិច្ចសន្យាដ៏ធំមួយ រំពឹងនៅតែបន្តិចទៀតប៉ុណ្ណោះ ប៉ុន្តែអ្នកមិនដឹងទេ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅពេលក្រោយរបស់ Saab “ តម្លៃបញ្ជាទិញដែលមានសក្តានុពល” សម្រាប់កិច្ចសន្យាបច្ចុប្បន្ន មានចំនួនរហូតដល់ ១,០១៨ ពាន់លានដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									